ឧកញ៉ា ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា និងថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្តព្រះសីហនុ បានដាំកូនត្នោតចំនួន ១ ០០០ដើម នៅតាមបណ្តោយផ្លូវល្បឿនលឿនក្នុងក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឧកញ៉ា ម៉ុង ឬទ្ធី បានឲ្យដឹងថា តាមការគ្រោងទុកឆ្នាំនេះមានផែនការដាំកូនត្នោតចំនួន ៥ ០០០ដើម ហើយថ្ងៃនេះធ្វើការដាំកូនត្នោតចំនួន ១ ០០០ដើម នៅតាមបណ្តោយផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ។ លោកឧកញ៉ាបន្តថា ការដាំកូនត្នោតនេះ គឺដាំក្នុងចន្លោះពីដើមមួយទៅដើមមួយមានចម្ងាយ ៥ម៉ែត្រ ដើម្បីឱ្យដើមត្នោតលូតលាស់ធំធាត់បានលឿន ខណៈបច្ចុប្បន្នមានថ្នាលបណ្តុះកូនត្នោតដែលគ្រោងនឹងបណ្តុះកូនត្នោតឱ្យបានចំនួន ១៤ ០០០ដើម សម្រាប់ធ្វើការដាំដុះនៅពេលខាងមុខ ប្រសិនបើការដាំដុះបានល្អ នឹងមានគម្រោងបណ្តុះបន្ថែមទៀត។
លោកឧកញ៉ាបញ្ជាក់ថា ដោយសារបច្ចុប្បន្ននៅក្នុងកសិដ្ឋានរបស់យើងមានដំណាំកសិឧស្សាហកម្ម និងដំណាំហូបផ្លែជាច្រើនមុខមានដូចជា ដូងប្រេង កៅស៊ូ ក្រៅពីនោះមានដាំដំណាំហូបផ្លែមានដូចជាដូងក្រអូប សៅម៉ាវ ធុរ៉េន ស្វាយ និងដំណាំជាច្រើនប្រភេទផ្សេងទៀត។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានចូលរួមកាន់ចបកាប់ដីដាំកូនក្នោតផងដែរនោះ បានអរគុណឧកញ៉ា ម៉ុង ឬទ្ធី ដែលបានរៀបចំធ្វើការបណ្តុះកូនត្នោត និងរៀបចំកម្មវិធីដាំកូនត្នោតនៅលើទឹកដីឃុំជើងគោ ស្រុកព្រៃនប់ ស្របនឹងផ្លូវល្បឿនលឿន ដើម្បីបង្កើនសោភ័ណភាព បរិស្ថានបន្ថែមទៀតសម្រាប់បំរើឱ្យវិស័យទេសចរណ៍ ពិសេសអ្នកធ្វើដំណើរតាមផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ ហើយដើមត្នោតនេះ ក៏ជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៅលើទឹកដី នៃខេត្តព្រះសីហនុ សម្រាប់កូនចៅរបស់យើងជំនាន់ក្រោយផងដែរ។
ទន្ទឹមនោះលោកអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវឱ្យយុវជន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា ការពារដើមត្នោតរបស់យើងឱ្យបានល្អ ព្រោះនេះជាសម្បត្តិរបស់យើងទាំងអស់គ្នា មិនមែនជារបស់ឧកញ៉ា ម៉ុង ឬទ្ធី ឬជារបស់លោកនោះទេ វាគឺជារបស់យើងទាំងអស់គ្នាដែលរួមគ្នាការពារ ថែរក្សាឱ្យបានគង់វង្ស។
លោក គួច ចំរើន លើកឡើងបន្ថែមថា ដើមត្នោតក៏ជាកេរ្តិ៍ដំណែលរបស់ដូនតារបស់យើងដែលបានបន្សល់ទុកសម្រាប់កូនក្មួយជំនាន់ក្រោយ ព្រោះដើមត្នោតវាមានផលប្រយោជន៍ ជាច្រើនយ៉ាងណាស់ សម្រាប់ឱ្យប្រជាពលរដ្ឋយកមកធ្វើការកែច្នៃប្រើប្រាស់មានដូចជា ស្លឹកយកទៅប្រកផ្ទះ ផ្កាកៀបចេញជាស្ករ ចំណែកផ្លែខ្ចីហូប ផ្លែទុំអាចយកទៅធ្វើជានំ និងដើមរបស់វាអាចច្រៀកធ្វើជាសម្ភារៈ ឬគ្រឿងសង្ហារឹមផ្សេងៗជាច្រើនមុខផ្សេងទៀតទៅ តាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្នផងដែរ៕