សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើនការបណ្ដាក់ទុននៅកម្ពុជា ពិសេសឈានទៅបង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជា។ទន្ទឹមគ្នានេះ សម្តេចធិបតី បានអះអាងថា ការពង្រីកកំពង់ផែទឹកជ្រៅ ជាផែនការគោលដៅយុទ្ធសាស្រ្តសំខាន់របស់រាជរដ្ឋាភិបាល ដើម្បីទាញកំណើនវិនិយោគបន្ថែម។
ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បែបនេះ នាឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១ម៉ឺន៥ពាន់នាក់ តាមបណ្តារោងចក្រ សហគ្រាស នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ កាលព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីបងង្កើនការវិនិយោគនៅកម្ពុជា កត្តាចម្បងបំផុត គឺត្រូវមានសន្តិភាព និងស្ថិរភាព ព្រមទាំងមានគោលនយោបាយត្រឹមត្រូវ គឺបញ្ចប់សង្គ្រាម, សេដ្ឋកិច្ចបើកចំហ និងគោលនយោបាយការទូតត្រឹមត្រូវ។
ទន្ទឹមគ្នានេះ សម្តេចធិបតី បន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ ចំគោលដៅ និងសក្ដានុពលនៅតាមតំបន់នីមួយៗ ដើម្បីធ្វើឱ្យគ្រប់វិស័យដំណើរការ និងមានការរីកចម្រើនគ្រប់ផ្នែកខណៈសម្តេចអះអាងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺកែប្រែខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចទី២ ទៅជាខេត្តដែលមានការអភិវឌ្ឍពហុបំណង និងកាន់តែរីកចម្រើនថែមទៀត។
សម្ដេចធិបតីបានបញ្ជាក់ថា៖« យើងកំពុងកែប្រែឃ្លាំងដាក់ទំនិញមួយបន្ថែមទៀត ដើម្បីរៀបចំជាផែឱ្យ នាវាដឹកទំនិញចូលចត ដោយសារកម្ពុជាមានកំណើននៃការដឹកជញ្ជូនច្រើន ហើយពិធីបុកគ្រឹះផ្លូវការពង្រីកការសាងសង់កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ នឹងរៀបចំធ្វើនៅដំណាច់ឆ្នាំ២០២៣ នេះផងដែរ»។
សម្តេចធិបតី បានសង្កត់ធ្ងន់ទៀតថា ហេតុនេះ ការពង្រីកកំពង់ផែទឹកជ្រៅ ជាយុទ្ធសាស្រ្តសំខាន់ ដើម្បីទាញកំណើនវិនិយោគ និងបង្កើតការងារជូនពលរដ្ឋ តាមរយៈការចេញចូលនាវាបានកាន់តែច្រើនមកកាន់កំពង់ផែទឹកជ្រៅនេះ។
គួរជម្រាបថា គម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ជំហានទី១នេះ អាចជាចំណតកប៉ាល់ធំ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន និងកាត់បន្ថយការដឹកជញ្ជូនឱ្យមានតម្លៃទាបនាពេលអនាគតផងដែរ។ ចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងជំហានទី១ ដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៤.៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង២០០លានដុល្លារពីជប៉ុន។
នៅពេលដែលកំពង់ផែទឹកជ្រៅនេះ សាងសង់រួចរាល់នៅឆ្នាំ២០២៥ នឹងអាចអនុញ្ញាតឱ្យកប៉ាល់ដែលសមត្ថភាពផ្ទុក កុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រ អាចចូលចតដែលពេលនោះកប៉ាល់ប្រមាណ ៩៣% នៃកប៉ាល់ក្នុងតំបន់អាស៊ី ចូលចតនៅកម្ពុជាបាន ដែលនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនទាបជាងមុន ដែលតាមការប៉ាន់ស្មានតម្លៃដឹកជញ្ជូន អាចចុះជាង ២០០ដុល្លារក្នុងមួយកុងតឺន័រ។
បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៉ីហ្វិច ចូលបានតែប្រមាណតែ ១៨%ប៉ុណ្ណោះ មានន័យថា ក្នុងចំណោម ១០០កប៉ាល់ អាចចូលចតបានតែ១៨ ឬ ១៩កប៉ាល់ និងអនុញ្ញាតឱ្យនាវាដែលផ្តុកកុងតឺន័រ បានតែ ១៥០០ប៉ុណ្ណោះ៕ អត្ថបទ៖ រង្សី