ក្រុមហ៊ុន Tesla មានគម្រោងផលិតរថយន្តអគ្គិសនី ដែលមានតម្លៃត្រឹម ២៥ ០០០អឺរ៉ូ ឬប្រហែល ២៦ ៨៣៨ដុល្លារ នៅរោងចក្រផលិតរថយន្តក្នុងប្រទេសអាល្លឺម៉ង់ ជាមួយគោលបំណងប្រកួតប្រជែងលើទីផ្សាររថយន្តតម្លៃទាប។
យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា ផែនការខាងលើត្រូវបានបង្ហើបឲ្យដឹងពីប្រភពជិតស្និទ្ធ ខណៈកាលបរិច្ឆេទនៃការចាប់ផ្ដើមផលិតមិនទាន់ដឹងច្បាស់នៅឡើយ ដោយគ្រាន់តែដឹងថា Tesla មានបំណងផលិតរថយន្តតម្លៃធូរថ្លៃប្រភេទនេះ ឲ្យបាន ១លានគ្រឿងក្នុងមួយឆ្នាំ។
ប៉ុន្តែតាមទិន្នន័យពីរោងចក្រផលិតរថយន្តរបស់ Tesla នៅអាល្លឺម៉ង់ កាលពីខែមីនា បានបង្ហាញថា ផែនការផលិតរថយន្ត ១លានគ្រឿងនេះ ប្រហែលមិនអាចទៅរួច ដ្បិតពួកគេធ្លាប់បង្ហើបថា សមត្ថភាពផលិតរថយន្តនៅទីនោះ អាចផលិតបាន ៥ ០០០គ្រឿងក្នុងមួយសប្ដាហ៍ ឬប្រមាណ ២៥០ ០០០គ្រឿងក្នុងមួយឆ្នាំប៉ុណ្ណោះ។
ទោះជាយ៉ាងណា Tesla នៅមិនទាន់ចេញមុខបកស្រាយជុំវិញព័ត៌មាននេះនៅឡើយ ខណៈប្រធានក្រុមហ៊ុន លោក Elon Musk ធ្លាប់បង្ហើបជារឿយៗថា លោកមានបំណងផលិតរថយន្តអគ្គិសនី ដែលមានតម្លៃទាប ដើម្បីអាចបំពេញតម្រូវការមនុស្សគ្រប់ស្រទាប់វណ្ណៈ៕