ឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប នៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសឧបត្ថម្ភប្រាក់លើកទឹកចិត្តដល់កីឡាករប្រដាល់ ព្រំ សំណាង ចំនួន ១លានរៀលបន្ថែមទៀត និងសំណូមពរឱ្យសាធារណៈជន មេត្តារិះគន់ក្នុងន័យស្ថាបនា កុំរិះគន់ដើម្បីជាន់ពន្លិច។
ព្រឹត្តិការណ៍ប្រកួតប្រដាល់មិត្តភាពអន្តរជាតិជាប្រវត្តិសាស្ត្រ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ កីឡាករ ព្រំ សំណាង របស់កម្ពុជា បានទទួលលទ្ធផលស្មើគ្នា ទល់នឹងស្តេចប្រដាល់ភូមា ដាវ លីឌុច ក្នុងការប្រកួតអំបោះឆៅ Mass Fight ចំនួន ៩នាទី។ ទោះយ៉ាងណា កីឡាករ ព្រំ សំណាង បានរងការរិះគន់ពីអ្នកគាំទ្រកម្ពុជាមួយចំនួនថាពុំបានវាយចំគូប្រកួតដូចអ្វីដែលពួកគេរំពឹងទុកនោះទេ។
លោកឧកញ៉ា ហេង បូរិន បានលើកឡើងលើហ្វេសប៊ុក នៅព្រឹកនេះដូច្នេះថា៖ “សូមរិះគន់ក្នុងន័យស្ថាបនា កុំរិះគន់ ដើម្បីជាន់ពន្លិច។ តាមការប្រកួតជាក់ស្ដែង គាត់ខំប្រឹងអស់ពីសមត្ថភាពហើយ។ ម្យ៉ាងច្បាប់ Mass Fight បើមិនសន្លប់គឺស្មើគ្នា ដូច្នេះលទ្ធផលមិនអាក្រក់ទេគឺស្មើគ្នា។ ខ្ញុំនឹងរកពេលកាហ្វេជាមួយគាត់ ឧបត្ថម្ភប្រាក់លើកទឹកចិត្ត១លានរៀល ដល់កីឡាករ ព្រំ សំណាង បន្ថែមទៀត។ អរគុណ”។
សូមជម្រាបផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលលោកឧកញ៉ា ហេង បូរិន ឧបត្ថម្ភថវិកាដល់កីឡាករប្រដាល់កម្ពុជា ព្រំ សំណាង។ ជាក់ស្តែង កាលពីខែកុម្ភៈ ឆ្នាំ២០២៣ លោកឧកញ៉ា ក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កីឡាករ ព្រំ សំណាង ដែលទៅប្រកួតនៅសង្វៀន Thai Fight ទីក្រុងបាងកក ប្រទេសថៃ ចំនួន ៥០០ដុល្លារអាមេរិកផងដែរ៕