សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំកិច្ចប្រជុំផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីពិភាក្សាការងារលើវិស័យទេសចរណ៍នៅកម្ពុជា នៅវិមានសន្តិភាព កាលថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៤ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានដឹកនាំសមាគមផ្នែកទសចរណ៍វិស័យឯកជននៅកម្ពុជា និងសហប្រធានក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ចូលរួម “កិច្ចប្រជុំដោះស្រាយបញ្ហាក្នុងវិស័យទេសចរណ៍នៅកម្ពុជា” ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងវត្តមានថ្នាក់ដឹកនាំសំខាន់ៗ ពីក្រសួង-ស្ថាប័នរដ្ឋាភិបាល និងមានការចូលរួមពី អភិបាលខេត្តមួយចំនួន។
សភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីស្តាប់ពីការលើកឡើងរបស់វិស័យឯកជន ក្នុងវិស័យទេសចរណ៍ទាំងមូលនៅកម្ពុជា ជាពិសេស ផ្តោតសំខាន់នេះគឺស្វែងរកដំណោះស្រាយ និងការសម្របសម្រួលរវាងវិស័យរដ្ឋាភិបាលនិងវិស័យឯកជន រកទិសដៅរួមមួយ ដើម្បីធ្វើយ៉ាងណាឲ្យវិស័យទេសចរណ៍នៅកម្ពុជា កាន់តែជឿនលឿន អភិវឌ្ឍន៍ អនុវត្តបានយ៉ាងងាយស្រួលសម្រាប់ធុរជន អ្នកវិនិយោគ ក្នុងទីផ្សារទេសចរណ៍ក្នុងនិងក្រៅតំបន់ស្របជាមួយ បទបញ្ញាត និងច្បាប់ផ្សេងៗពាក់ព័ន្ធនិងវិស័យទេសចរណ៍នៅកម្ពុជា។
កិច្ចប្រជុំនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកំណត់ទិសដៅ ឈ្នះ ឈ្នះ ទាំងអស់គ្នាទាំងវិស័យរដ្ឋាភិបាល និងវិស័យឯកជន ចំពោះដំណោះស្រាយលើវិស័យទេសចរណ៍ផងដែរ។
សូមជម្រាបថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីស្តាប់នូវមតិយោបល់ និងសំណូមពរផ្សេងៗពីវិស័យឯកជន។ វេទិកានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងរយៈពេល១ឆ្នាំម្តង ជាយន្តការសន្ទនាមួយ ដែលមាននាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកដឹកនាំផ្ទាល់ និងដោយមានការចូលរួមពីរដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្ត តំណាងផ្នែកឯកជនគ្រប់វិស័យ ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន។
វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននេះ ផ្តល់ឱកាសឱ្យផ្នែកឯកជន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធាន ការសមស្របដើម្បីដោះស្រាយ ហើយរាល់ការសម្រេចនៅក្នុងវេទិកានេះ ត្រូវបានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្ត្រី៕