រដ្ឋមន្ត្រីការពារជាតិ៖ បារាំងនឹងផ្តល់រថពាសដែករាប់សិបគ្រឿង ទៅឲ្យប្រទេសលីបង់

អន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិបារាំង បាននិយាយនៅក្នុងសុន្ទរកថាដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា ប្រទេសបារាំងនឹងបញ្ជូនរថពាសដែករាប់សិបគ្រឿងទៅឱ្យកងទ័ពលីបង់ ដើម្បីឲ្យពួកគេអាចបំពេញបេសកកម្មល្បាតក្នុងប្រទេសបានត្រឹមត្រូវ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងទៅកាន់កាសែត L’Orient Le Jour របស់ប្រទេសលីបង់ បន្ទាប់ពីការធ្វើដំណើរទៅកាន់ប្រទេសនេះ រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sebastien Lecornu បាននិយាយថា៖ វាមានសារៈសំខាន់ណាស់ក្នុងការពង្រឹងកងទ័ពជាតិលីបង់ ដើម្បីឱ្យពួកគេអាចសម្របសម្រួលបានយ៉ាងល្អ ជាមួយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅពេលដែលភាពតានតឹងកំពុងកើនឡើងរវាងអ៊ីស្រាអែល និងហេសបូឡា (Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់ នៅភាគខាងត្បូងនៃប្រទេសលីបង់។

លោកបាននិយាយថា យើងនឹងបន្តភាពជាដៃគូរបស់យើងជាមួយគ្រឿងយុទ្ធោបករណ៍ ជាពិសេសសម្រាប់ការដឹកជញ្ជូនកងទ័ព ដែលត្រូវការការពារដោយពាសដែក ក្នុងគន្លឹះមួយដើម្បីរក្សាការល្បាត ហើយចំពោះរថពាសដែកជាច្រើនគ្រឿងទាំងនោះ នឹងត្រូវប្រគល់ឱ្យកងទ័ពលីបង់នាពេលឆាប់ៗ។

រដ្ឋមន្ត្រីការពារជាតិរូបនេះដដែលបានបន្ថែមថា ការគាំទ្ររបស់យើងសម្រាប់កងទ័ពលីបង់ ជាការគាំទ្ររយៈពេលយូរ ទោះបីជាមានការលំបាកមួយចំនួននាពេលបច្ចុប្បន្ននេះក៏ដោយ។ មួយវិញទៀត ទីក្រុងប៉ារីសក៏នឹងផ្តល់ថ្នាំពេទ្យ ក៏ដូចជាកំពុងបង្កើតកម្មវិធីរួមគ្នាមួយ ដើម្បីទិញឧបករណ៍វេជ្ជសាស្រ្តក្នុងតម្លៃសមរម្យ សម្រាប់កងទ័ពលីបង់នាពេលអនាគតផងដែរ។

ជម្រាបជូនផងដែរថា ក្រុមហេសបូឡា ជាក្រុមប្រដាប់អាវុធមូស្លីមនិកាយស៊ីអ៊ី ដែលមានអំណាចដ៏ធំសម្បើមមួយនៅក្នុងប្រទេសលីបង់ ខណៈសេដ្ឋកិច្ចរបស់ពួកគេស្ថិតក្នុងការបំផ្លិចបំផ្លាញ ហើយ​រដ្ឋរបស់ពួកគេស្ទើរតែមិនដំណើរការ។ ខណៈមេដឹកនាំ​លីបង់​បារម្ភ​ថា ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុមហេសបូឡា និង​អ៊ីស្រាអែល អាច​នឹង​ក្លាយ​ជា​ជម្លោះដ៏​ធំ​មួយ៕