មកដឹងពីប្រភពចំណូលធំបំផុត ដែលអាចធ្វើឱ្យមេដឹកនាំក្រុមហាម៉ាស សុទ្ធតែជាមហាសេដ្ឋី

អន្តរជាតិ

ខណ:ពេលដែលប្រជាជននៅតំបន់កាហ្សាស្ទ្រីបចំនួន ២,៣ លាននាក់កំពុងរងទុក្ខ មេដឹកនាំរបស់ក្រុមភេរវករហាម៉ាសឯណោះវិញ កំពុងសោយសុខជាមួយនឹងជីវិតហឺហា រស់នៅផ្ទះធំៗ ស្នាក់នៅសណ្ឋាគារប្រណីតៗ និង​សំងំ​កើបលុយជាច្រើនពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមស្ថានទូតអ៊ីស្រាអែល ប្រចាំនៅទឹកដីសហរដ្ឋអាមេរិក បានបង្ហាញឱ្យដឹងថា មេដឹកនាំជាន់ខ្ពស់បំផុតរបស់ក្រុមហាម៉ាសមានចំនួនបីនាក់ គឺ Mousa Abu Marzouk, Khaled Mashal និង Ismail Haniyeh ដោយពួកគេមានទ្រព្យសម្បត្តិសរុបជាង ៣ពាន់លានដុល្លារ ក្នុងម្នាក់ៗ។

ស្ថានទូតក៏បានអះអាងទៀតផងដែរថា ចំពោះប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហាម៉ាសវិញ គឺមានចំនួនប្រមាណ ១ពាន់លានដុល្លារ ដោយក្រុមនេះ ស្ថិតនៅលំដាប់ទីពីរបន្ទាប់ពី ISIS ដែលជាក្រុមភេរវកម្ម មានចំណូលច្រើនជាងគេបំផុតរបស់ពិភពលោក។

ជុំវិញប្រាក់ចំណូលដ៏សម្បើមបែបនេះ តើមេដឹកនាំក្រុមហាម៉ាសអាចរកបានមកពីណា?

យោងតាមការចុះផ្សាយពីសារព័ត៌មាន i24News បានបង្ហាញថា ទ្រព្យសម្បត្តិដែលមេដឹកនាំក្រុមហាម៉ាសកំពុងរកបាននោះ ដោយសារតែការយកពន្ធលើទំនិញ ដែលនាំចូលមកកាន់ទឹកដីកាហ្សាស្ទ្រីប និងតាមរយ:ម្ចាស់ជំនួយអន្តរជាតិ ដែលភាគច្រើនមកពីប្រទេសកាតា។

ប្រភពដដែលនេះ បានអះអាងទៀតថា ក្រុមហាម៉ាស ក៏មានការិយាល័យវិនិយោគរួមគ្នាមួយ ដែលកាន់កាប់ទ្រព្យសម្បត្តិប្រមាណជាង ៥០០លានដុល្លារ រួមទាំងក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសស៊ូដង់ ​ទួរគី​ អារ៉ាប៊ីសាអូឌីត អាល់ហ្សេរី និងអារ៉ាប់រួម។

ទន្ទឹមនឹងនេះ ក្រុមហាម៉ាស ក៏អាចបង្កើនប្រាក់ចំណូលផ្ទាល់ខ្លួនផ្សេងទៀតផងដែរ ដោយការយកពន្ធលើទំនិញដែលផ្លាស់ទីតាមបណ្តាញផ្លូវរូងក្រោមដីដ៏ទំនើប ដែលគេចពីច្រកព្រំដែនអេហ្ស៊ីបនៅភាគខាងត្បូង ដោយនាំយកអាហារ ថ្នាំពេទ្យ ប្រេងឥន្ធនៈ និងសាច់ប្រាក់ ព្រមទាំងអាវុធផងដែរ។

បន្ថែមពីនេះ យោងតាមក្រុមប្រឹក្សាទំនាក់ទំនងបរទេស (CFR) បានបង្ហាញថា គិតត្រឹមឆ្នាំ ២០២១ ក្រុមហាម៉ាស បានប្រមូលពន្ធលើសពី ១២លានដុល្លារ ក្នុងមួយខែ នៅក្នុងពន្ធដែលបានដំឡើងលើមុខទំនិញរបស់ប្រទេសអេហ្ស៊ីប ដែលនាំចូលទៅក្នុងទឹកដីកាហ្សា៕