វៀតណាម ប្រមូលលុយពន្ធបានជាង ៣០០លានដុល្លារ ពីក្រុមហ៊ុនឌីជីថលធំៗរបស់បរទេស

អន្តរជាតិ

រដ្ឋាភិបាលរបស់ប្រទេសវៀតណាម បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនឌីជីថលលំដាប់កំពូលរបស់បរទេសចំនួន ៧ រួមទាំង Meta, Google, Netflix និង TikTok បានបង់ពន្ធចំនួន ៨,០២ទ្រីលានដុង (៣៣៤,១លានដុល្លារអាមេរិក) នៅឆ្នាំនេះ ពោលគឺជាចំនួនច្រើនជាងទ្វេដង បើធៀបទៅនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយកដ្ឋានពន្ធដារវៀតណាម បានបង្ហាញឱ្យដឹងទៀតថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ នេះ មានក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ៥៧ បានធ្វើការបង់ពន្ធរួចហើយ ខណ:រដ្ឋាភិបាល នៅតែបន្តជំរុញឱ្យក្រុមហ៊ុនផ្សេងទៀត ដែលមិនទាន់បានប្រកាស ឬធ្វើការបង់ពន្ធ ឱ្យឆាប់​រហ័ស​បំពេញ​កាតព្វកិច្ច​បង់ពន្ធរបស់ពួកគេ។

គួរឱ្យដឹងផងដែរថា ចាប់តាំងពីខែមីនា ឆ្នាំ ២០២២ នៅពេលដែលនាយកដ្ឋានពន្ធដារ បានដាក់ឱ្យដំណើរការកម្មវិធីបង់ពន្ធតាមរយ:ប្រព័ន្ធអ៊ីនធើណិតយ៉ាងងាយស្រួលមក ទឹកប្រាក់សរុបចំនួន ១១,៥ទ្រីលានដុង ត្រូវបានបង់ចូលរដ្ឋ។

តាមរយ:កម្មវិធីនេះផងដែរថា មានក្រុមហ៊ុនពាណិជ្ជកម្មលើអនឡាញចំនួន ៣៧៥ ក៏បានផ្តល់ព័ត៌មានមកកាន់អាជ្ញាធរពន្ធដារ បានយ៉ាងឆាប់រហ័សផងដែរ អំពីអង្គភាព និងបុគ្គលិករបស់ពួកគេ៕