ក្នុងខែតុលា ការនាំចេញរបស់ចិនមានការធ្លាក់ចុះ ស្របពេលដែលការនាំចូលនៅតែបន្តកើនឡើង

អន្តរជាតិ

ប្រទេស​ចិន ​បាន​រាយការណ៍​ពី​ការ​ធ្លាក់​ចុះ​នៃការ​នាំ​ចេញ​ក្នុង​ខែ​តុលា ខណៈ​ដែលការ​នាំ​ចូល​បាន​កើន​ឡើង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល ចំពេលតម្រូវការក្នុងស្រុក កំពុងមានសញ្ញាណល្អប្រសើរឡើងវិញ មួយរយៈកាលចុងក្រោយនេះ។ នេះបើយោងទៅតាមការចុះផ្សាយពីសារព័ត៌មាន CNBC ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីភ្នាក់ងារគយចិនបាននិយាយថា នៅក្នុងខែតុលា ការនាំចេញទំនិញជាប្រាក់ដុល្លារអាមេរិក បានធ្លាក់ចុះដល់ទៅ ៦,៤% ស្របពេលដែលការ​នាំ​ចូល​ទំនិញ បាន​កើន​ឡើង ៣% បើធៀបទៅនឹងខែដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះ បើយោងតាមការគណនារបស់ CNBC លើទិន្នន័យគយបានបង្ហាញថា ការនាំចូលរបស់ចិនពីសហរដ្ឋអាមេរិកបានធ្លាក់ចុះ ៣,៧% នៅក្នុងអំឡុងខែតុលា ខណៈដែលការ​នាំ​ចូល​របស់​ចិន​ពី​សហភាព​អឺរ៉ុប​វិញ បាន​កើន​ឡើង​ជាង ៥% ចំណែក​ទំនិញ​ដែល​នាំចូលមក​ពី​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​បាន​កើន​ឡើង ១០,២% ឯណោះ។

មិនត្រឹមតែប៉ុណ្ណោះ ការនាំចេញស្បែកជើង និងប្រដាប់ក្មេងលេងបានធ្លាក់ចុះ ចំណែកឯការនាំចេញទូរស័ព្ទឆ្លាតវៃ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ បានកើនឡើង។ ជាពិសេស ការនាំចេញរថយន្តរបស់ចិន នៅតែបន្តកើនឡើងប្រមាណជាពីរខ្ទង់នៅក្នុងខែតុលា ប៉ុន្តែវាស្ថិតក្នុងល្បឿនមួយយឺតជាង ៥០% ពីមួយឆ្នាំទៅមួយឆ្នាំ តែច្រើនជាង ៦០% បើប្រៀបធៀបលើតួលេខកាលពីក្នុងខែមុន។

ដោយឡែក ប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ លើលោកមួយនេះ បានរាយការណ៍បន្ថែមទៀតថា ប្រទេសចិននឹងមានកំណើនសេដ្ឋកិច្ចចំនួន ៤,៩% នៃផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី៣ និងនៅតែរក្សាការកំណត់គោលដៅ លើកំណើនសេដ្ឋកិច្ចរបស់ខ្លួនប្រហែល ៥% នៅឆ្នាំនេះផងដែរ៕