មុខទំនិញក្នុងវិស័យកសិកម្មនាំចេញ ៣ប្រភេទក្នុងរយៈពេល១០ខែ មានកំណើនកើនឡើងខ្ពស់នាំមុខគេ

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងរយៈពេល១០ខែក្នុងឆ្នំា២០២៣នេះ គេសង្កេតឃើញមានមុខទំនិញក្នុងវិស័យកសិកម្មដែលបាននាំចេញទៅទីផ្សារខាងក្រៅ មានកំណើនឡើងខ្ពស់នាំមុខទំនិញសំខាន់ៗផ្សេងទៀតដែលបានកត់ត្រាដោយអគ្គនាយកដ្ឋានកសិកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបានបង្ហាញ ក្នុងរយៈពេល១០ខែដែលបានកត់ត្រានៅក្នុងមុខទំនិញសំខាន់ៗចំនួន១៨មុខ ក្នុងនោះកាកសំណល់ដំឡូងមីបាននាំចេញបានជាង៦,៤ម៉ឺនតោន កើន៥៩៩% ,ផ្លែមៀនស្រស់នាំចេញមានជាង១,១ម៉ឺនតោន កើនរហូតដល់៥៣១៣% និងបន្លែចម្រុះ នាំចេញមានជាង១៨៥តោនកើនឡើងប្រមាណ១៣០% បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នានិងឆ្នំា២០២២។

ពាក់ព័ន្ធនិងតម្រូវការកសិផលនៅលើទីផ្សារខាងក្រៅនេះសម្រាប់ផ្លែមៀនស្រស់នៅពេលបច្ចុប្បន្ននេះបាននិងកំពុងនិយមនៅលើទីផ្សារប្រទេសចិន បន្ទាប់ពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថានទូតចិនប្រចាំនៅកម្ពុជា បានសម្ពោធជាផ្លូវការ ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនកាលពីថ្ងៃទី២៧ តុលា ឆ្នាំ២០២២ ។ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ អគ្គនាយកដ្ឋានកសិកម្ម បានចុះបញ្ជីចម្ការមៀន និងរោងចក្រវេចខ្ចប់សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន បានចំនួន ៩៧ក្រុមហ៊ុន ឬម្ចាស់ចម្ការ និង ១២រោងចក្រវេចខ្ចប់ និងទទួលបានការអនុម័តទទួលស្គាល់ជាផ្លូវការពីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន។

ប្រធានក្រុមប្រឹក្សាភិបាល សហគមន៍មៀនប៉ៃលិន លោក សួស ស៊ីយ៉ាតបានឱ្យដឹងថា មៀនប៉ៃលិនបើតាមការបញ្ជាទិញរបស់ក្រុមហ៊ុននាំចេញជាមួយនិងកសិករ ក្នុងខែសីហា ខែកញ្ញា កន្លងមកកសិករអាចលក់បានថ្លៃ៣ ៦០០រៀល ,ខែវិច្ឆិកា ខែធ្នូ និងរហូតដល់ខែមករា និងកុម្ភៈដើមឆ្នំា២០២៤ កសិកអាចលក់បានថ្លៃដល់៤ ០០០រៀល ហើយតម្លៃនេះបើប្រៀបធៀបទៅនិងកាលពីឆ្នំាមុន ប្រជាកសិករដំាមៀនលក់បាន ២ ៥០០ទៅ៣ ០០០រៀលក្នុងមួយគីឡូក្រាម។ ទន្ទឹមជាមួយគ្នានេះលោក សួស ស៊ីយ៉ាត ក៏រំពឹងផងដែរថាការនាំចេញមៀនស្រស់នៅឆ្នំា២០២៤ខាងមុខនេះនិងមានសន្ទុះកើនឡើងថែមទៀត ដោយសារមានក្រុមហ៊ុនចូលរួមប្រកួតប្រជែងការបញ្ជាទិញមៀនប៉ៃលិនពីប្រជាកសិករច្រើនក្រុមហ៊ុន៕

អត្ថបទ៖សារេត

ដំឡូងមី