អតីតកូនកំព្រាឪពុក ឧកញ៉ា ណាង ណាន រៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពនៅប្រទេសថៃ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ណាង ណាន អតីតកូនកំព្រាឪពុករស់នៅតាមវត្តអារ៉ាម និងបច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុនទេសចរណ៍ ណានពីរ បានរៀបចំព្រឹត្តិការណ៍​ដ៏អស្ចារ្យ​ការប្រកួត​បាល់ទាត់​មិត្តភាពរវាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ជាមួយ​ក្រុម​យុវជន​ពលករខ្មែរនៅប្រទេស​ថៃ ក្រោម​អធិបតី​ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន សារឿន អគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ កាលពី​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា ណាង ណាន បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​​បាល់ទាត់​​លក្ខណៈ​​មិត្តភាព​នេះ ឧបត្ថម្ភធំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ និង​សហការ​ឧបត្ថម្ភ​​ដោយ​លោក​ឧកញ៉ា​ផ្ទាល់​ ដែលមានការចូលរួមពីរបងប្អូនពលករ យ៉ាងច្រើនកុះករ​ ប្រមានជិត ៣០០នាក់ និងក្រុមកីឡាករ​ទាំង​បួនក្រុម៖ QA CARGO, ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ, យុវជនសន្តិភាពឆ្លងដែន និង​អាសាហ៊ី។ បន្ថែមពី​នេះ​ ក្រោយពីចប់​ការ​ប្រកួត​ ក៏មានកម្មវិធី​ពិសារនំបញ្ចុកសាមគ្គីរួមគ្នា​ផងដែរ។

ឯកឧត្តម ហ៊ុន សារឿន អគ្គរាជទូតកម្ពុជាប្រថៃប្រទេសថៃ បានសម្តែងសេចក្តីសោមនស្សរីករាយ និង​បាន​ថ្លែង​អំណរ​គុណ​ថា៖ “អរគុណលោកឧកញ៉ា ណាង ណាន សម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ និងអញ្ជើញខ្ញុំជា​អធិបតីបើកកម្មវិធីប្រកួត និងប្រគល់ពានរង្វាន់ដល់ក្រុមដែលទទួលជ័យលាភី”។

ឧកញ៉ា ណាង ណាន ​​បាន​បង្ហាញសារ​ថ្លែង​អំណរគុណ​ផង​ដែរ​ថា៖ “ខ្ញុំបាទ ឧកញ៉ា ណាង ណាន ប្រធាន​គណបក្សប្រជាជនកម្ពុជា សាខាទី ១៧ ប្រចាំប្រទេសថៃ សូមគោរពថ្លែង​អំណរអរគុណ​ដល់ ឯកឧត្តម ហ៊ុន សារឿន អគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ហើយក៏ជាប្ររធាន​គណបក្សប្រជាជន​កម្ពុជា ប្រចាំប្រទេសថៃ ដែលបានអញ្ចើញចូលរួម ជាអធិបតី ក្នុងការប្រកួតបាល់ទាត់មិត្តភាព រវាងពលករ កម្មករ កម្ពុជាដែលរស់​នៅ​ក្នុងប្រទេសថៃ។ ខ្ញុំបាទឧកញ៉ា ណាង ណានសូមគោរពជូនពរ ដល់ឯកឧត្តម ហ៊ុន សារឿន និង ពលករ​ទាំង​អស់អោយជួបតែ ពុទ្ធពរ ទាំងបួនប្រការ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លាង ឃ្លាតឡើយ”។

ឧកញ៉ា ណាង ណាន អតីត​ជាក្មេង​លក់លតឆា និងលក់​កាសែតនៅផ្សារកណ្ដាល ​ក្នុងរាជធានីភ្នំពេញ ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ប្រោស​ព្រះរាជទាន គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ដោយ​ព្រះរាជក្រឹត្យលេខ នស/រកត/​០៦២៣/១០៦៣៕