រដ្ឋមន្ដ្រី ស្នើឱ្យរួមគ្នាចាត់វិធានការអ្នកគេចពីសំណាញ់ច្បាប់ ដើម្បីបង្កើតទីផ្សារមិនប្រកួតប្រជែងក្នុងវិស័យ​រ៉ែ និង​ថាមពល

សង្គម​ និង​សេដ្ឋកិច្ច

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថា​ម​​ពល បានលើកឡើងថា ក្នុងបរិបទសេដ្ឋកិច្ចទីផ្សារសេរី គឺរដ្ឋមិនអាចកំណត់ថ្លៃទំនិញបានទេ ខណៈលោកបានស្នើឱ្យភាគីទាំងរដ្ឋ និងឯកជនរួមគ្នាចាត់វិធានការចំពោះអ្នកដែលគេចពីសំណាញ់ច្បាប់ ដើម្បីបង្កើតទីផ្សារមិនប្រកួតប្រជែងក្នុងវិស័យរ៉ែ និងថាមពលនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើនេះ បានធ្វើឡើងនៅក្នុង​កិច្ចប្រជុំ​ក្រុម​ការងារ​ផ្នែក​ថាមពល និង​ធន​ធាន​រ៉ែ ​(​ក្រុម​“​ញ​”)​ នៃ​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន កាលពី​សប្តាហ៍​មុន ដែលវេទិកា​​នេះ គឺរៀបចំឡើង​ដើម្បី​ធ្វើការ​រួមគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​រ៉ែ និង​ថាមពល​ដោយ​តម្កល់​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​គោល​។​

​ថ្លែងក្នុងវេទិកានោះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថា​ម​​ពល បាន​ឆ្លើយតប​ថា រដ្ឋាភិបាល​គឺ​មិន​ធ្វើតាម​ការ​សំណូមពររបស់វិស័យ​ឯកជន​ខាង​ផ្នែក​រ៉ែ​ថ្ម​សំណង់ ដោយសារ​ការ​ប្រកួតប្រជែង​មិន​ស្មើភាពពី ការកំណត់​តម្លៃ​អប្បបរមា​ទាប​ពេកនេះ​បានទេ ខណៈលោកថា ដោយសារតែ​ជាការ​ប្រកួត​ប្រជែង​ទីផ្សារសេរី​ហើយ​វា​អាច​នឹង​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់​។

​ដោយលោករដ្ឋមន្រ្តី ​បាន​បញ្ជាក់ថា​«​នៅក្នុង​សេដ្ឋកិច្ច​ទីផ្សារសេរី គេ​មិនអាច​ធានា​ថ្លៃ​បានទេ​។ រដ្ឋា​ភិ​​បាល​មាន​កាតព្វកិច្ច​ធ្វើ​ម៉េច​ឱ្យ​ការប្រកួតប្រជែង​នោះ​ស្មើភាព​។​ ស្មើភាព​នោះ​ គឺ​គោរព​ច្បាប់​ដូចគ្នា​បង់ពន្ធ​ដូចគ្នា កាតព្វកិច្ច​ដូចគ្នា​។ ក្រុមហ៊ុន​ក្ស័យធន ដោយ​​សារ​ធ្វើ​មិនបាន​ល្អ​ដូច​ក្រុមហ៊ុន​ឯទៀត​។ ដូចនេះ​យើង​មិនអាច​លូកដៃ​ក្នុងការ​អន្តរាគមន៍រ​បស់​ទីផ្សារសេរី​បានទេ​»​។​

​បន្ថែមពីនេះ លោក បាន​អះ​​អាង​ថា សេដ្ឋកិច្ច​ទីផ្សារសេរី​មិនអាច​កំណត់​ថ្លៃទំនិញ​បានទេ ប៉ុន្តែ​រាជរដ្ឋាភិបាល​នឹង​ធ្វើឱ្យ​ទីធ្លា​ប្រកួតប្រជែង​បាន​ស្មើ​ភាព​គ្នា​ ដោយលោកក៏បានស្នើឱ្យរួមគ្នាចាត់វិធានការអ្នកគេចពីសំណាញ់ច្បាប់។

ដោយលោក កែវ រតនៈ បានសង្កត់ធ្ងន់ដូច្នេះថា៖« អ្វីដែលយើងអាចជួយគ្នាធ្វើ ទាំងរដ្ឋ និងឯកជនដូចគ្នា ជួយចាត់ការអ្នកគេចពីសំណាញ់ច្បាប់ ដើម្បីបង្កើតទីផ្សារមិនប្រកួតប្រជែងមិនស្មើភាពក្នុងស័យរ៉ែ និងថាមពល»។

សូមជម្រាប់ដែរថា តាមរយៈវេទិកាខាងលើ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថា​ម​​ពល ក៏បញ្ជាក់ដែរថា ​រឿង​មួយ ដែល​សមាគម​ថ្ម​គួរតែ​រីករាយ ហើយ​ប្រទេស​យើង​គួរតែ​រីករាយ​ដែរនោះ គឺ​លោក​បានដាក់​បញ្ជា​រួចហើយ​ គឺ​មិន​ឱ្យមាន​ការចេញ​អាជ្ញាប័ណ្ណ​វាយ​ថ្ម​ទៀត​ទេ​លុះត្រាតែ​មានការ​ពិនិត្យឡើងវិញ​សិន​។លោកថា ការធ្វើនេះ គឺ​​ចង់​មានការ​អភិរក្ស​ឱ្យមាន​តុល្យភាព​ជាមួយនឹង​ការអភិវឌ្ឍ​៕ អត្ថបទ៖ រង្សី