វេទិការាជរដ្ឋាភិបាល-វិស័យឯកជនលើកទី១៣ រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំនៅថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខនេះ ពោលគឺប្រមាណមួយសប្តាហ៍ទៀតប៉ុណ្ណោះ ក្រោមវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅវិមានសន្តិភាព ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យឯកជន។
វេទិកានេះក៏នឹងមានការចូលរួមវិស័យឯកជនស្ទើរគ្រប់ផ្នែក ដៃគូអភិវឌ្ឍ និងតំណាងអង្គទូតនានាចូលរួមដែលជាវេទិកាដ៏សំខាន់សម្រាប់សម្របសម្រួលកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធនិងវិស័យឯកជន។ ជាមួយគ្នានេះអ្នកឧកញ៉ា ឧកញ៉ា ដែលជាម្ចាស់អាជីវកម្មគ្រាក់ៗនៅក្នុងស្រុកពីសមាគមឧកញ៉ាកម្ពុជាប្រមាណ ៧០រូបនឹងអញ្ជើញចូលរួម។
បើតាមបញ្ជីឈ្មោះអ្នកឧកញ៉ា ឧកញ៉ា ដែលគេហទំព័រឧកញ៉ាញូស៍ ទទួលបានពេលថ្មីៗនេះ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាលសមាកមឧកញ៉ាកម្ពុជា នឹងដឹកនាំសមាជិក សមាជិកាដោយផ្ទាល់ចូលរួមក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដើម្បីស្តាប់នូវការដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន។
បើតាមបញ្ជីឈ្មោះ អ្នកឧកញ៉ា លី ហួរ, អ្នកឧកញ៉ា សៀ ឬទ្ធី, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា ហាន់ ឃាង, អ្នកឧកញ៉ា ប៊ុន ហៃ ដែលជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជាក៏នឹងមានវត្តមានក្នុងវេទិកានេះផងដែរ។
សេចក្តីប្រកាសព័ត៌មានលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង នីតិកាលទី៧ នៃរដ្ឋសភា កាលខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា «សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ដើម្បីស្តាប់នូវមតិយោបល់ និងសំណូមពរផ្សេងៗ ក៏ដូចជាដាក់ចេញនូវវិធានការមុតស្រួចនិងជាក់ស្ដែង ដើម្បីបន្តជំរុញគាំទ្រដល់វិស័យឯកជនដែលជា កម្លាំងចលករនៃកំណើនសេដ្ឋកិច្ច»៕