លោក ពូទីន ទំនងបន្តកាន់អំណាចរហូតដល់ឆ្នាំ២០៣០

អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសថា លោកសម្រេចឈរឈ្មោះជាបេក្ខភាព​ប្រធានាធិបតី សម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនាខែមីនា ឆ្នាំក្រោយ ខណៈបើសិនជាលោកជាប់ឆ្នោតទៀត មេដឹកនាំរុស្ស៊ីម្នាក់នេះ នឹងអាចបន្តកាន់អំណាចដល់ឆ្នាំ២០៣០។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ សារព័ត៌មាន TheStraitsTimes បានបង្ហាញថា លោក ពូទីន គឺជាប្រធានាធិបតីរុស្ស៊ី កាន់អំណាចបានយូរបំផុត គិតតាំងពីជំនាន់លោក Josef Stalin ដែលជា​មេដឹកនាំបដិវត្តន៍សូវៀត ពោលគឺកាន់អំណាចតាំងពីឆ្នាំ១៩៩៩ បន្ទាប់ពីលោក Boris Yeltsin ប្រកាសផ្ទេរតំណែងកំពូលមួយនេះ ទៅឲ្យលោក ពូទីន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបដិសេធក្នុងការបញ្ចេញ​មតិ​ចំពោះរឿងរ៉ាវខាងលើ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា បើសិនជា ពូទីន សម្រេចថា ប្រជែងតំណែងជាប្រធានាធិបតីមែន គ្មានអ្នកណាអាចមានលទ្ធភាព​ប្រកួតជាមួយលោកឡើយ។

លោក Peskov ក៏បានបញ្ជាក់ទៀតថា មកទល់ពេលនេះ មិនទាន់មានសេចក្ដីថ្លែងការណ៍ណាមួយ បញ្ជាក់ច្បាស់ពីការឈរឈ្មោះជាប្រធានាធិបតីរបស់លោក ពូទីន ម្ដងទៀតឡើយ ខណៈយុទ្ធនាការឃោសនារកសន្លឹកឆ្នោត ក៏មិនទាន់បានត្រៀមជាផ្លូវការដូចគ្នា៕