បើយោងទៅតាមកាសែត Bangkok Post បានចុះផ្សាយថា កាលពីថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា គណៈរដ្ឋមន្ត្រីនៃប្រទេសថៃបានអនុម័តវិធានការ ដែលមានតម្លៃប្រមាណ ៥៥ ពាន់លានបាត ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវ សម្រាប់ការប្រមូលផលឆ្នាំ ២០២៣ និង ២០២៤ ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Phumtham Wechayachai បាននិយាយថា វិធានការដែលបានអនុម័តនេះ ពាក់ព័ន្ធនឹងការផ្តល់ប្រាក់កម្ចីដល់ប្រជាកសិករ ដើម្បីពន្យារពេលលក់ស្រូវ ដែលមានសំណើម ២៥% ក្នុងអំឡុងរយៈពេល ៥ខែ រួមជាមួយនឹងប្រាក់កម្ចីដល់សហករណ៍កសិកម្ម ដើម្បីអន្តរាគមន៍លើទីផ្សារទិញស្រូវរហូតដល់តម្លៃមួយសមរម្យ។
នៅក្រោមវិធានការកម្ចីដើម្បីពន្យារការលក់ស្រូវរបស់កសិករក្នុងរយៈពេលត្រឹមប្រាំខែ រដ្ឋាភិបាលនឹងធ្វើអន្តរាគមន៍លើទីផ្សារ ដើម្បីផ្តល់ជូនកសិករដែលអាចលក់ក្នុងតម្លៃ ១២ ០០០ បាតក្នុងមួយតោន និងតម្លៃ ១ ៥០០ បាតក្នុងមួយតោន ខណៈរដ្ឋាភិបាលមានបំណងប្រមូលទិញស្រូវពីប្រជាកសិករដើម្បីស្តុកទុកចំនួន ៣ លានតោនក្រោមគម្រោងនេះផងដែរ។
ជាមួយគ្នានេះ បើយោងទៅតាមវិធានការសម្រាប់សហករណ៍កសិកម្មធ្វើអន្តរាគមន៍ក្នុងទីផ្សារទិញស្រូវ រដ្ឋាភិបាលនឹងគាំទ្រចំពោះការទិញអង្ករក្រអូបថៃ Hom Mali ចំនួន ១ លានតោន នៅក្នុងតម្លៃ ១២ ២០០ បាតក្នុងមួយតោន ស្របពេលវិធានការទាំងពីរនេះ នឹងតម្រូវឱ្យរដ្ឋាភិបាលចំណាយទឹកប្រាក់សរុបប្រហែល ៥៥ ពាន់លានបាត។
ក្នុងនោះផងដែរ អ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke បាននិយាយថា រដ្ឋាភិបាលកំពុងរៀបចំផែនការ កែប្រែគោលនយោបាយអន្តរាគមន៍របស់ខ្លួន លើតម្លៃស្រូវក្នុងរដូវប្រមូលផលបន្ទាប់ ហើយការកែសម្រួលនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើង នូវប្រាក់ចំណូលរបស់កសិករ តាមរយៈការកាត់បន្ថយការឧបត្ថម្ភធន។ ដោយលោកបានបន្តថា គោលនយោបាយថ្មីដំបូងត្រូវពិភាក្សាជាមួយកសិករ លើប្រធានបទថាតើត្រូវបង្កើនប្រសិទ្ធភាពផលិតកម្ម ឬក៏អនុម័តលើដំណោះស្រាយបច្ចេកវិទ្យាវិញ។
បើយោងទៅតាមលោក Chai ដដែលបានបង្ហើបថា តម្លៃទីផ្សារស្រូវ Hom Mali កម្រិតសំណើម ១៥% គឺមានតម្លៃខ្ទង់ ១៤ ៨០០ ទៅ ១៥ ០០០ បាតក្នុងមួយតោន នាពេលបច្ចុបន្ននេះ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលប្រមូលផលរួច ជាធម្មតាជាតិសំណើមនឹងឡើងដល់ ២៥% ដែលនាំឱ្យតម្លៃលក់ប្រហែល ១២ ០០០ ទៅ ១២ ៣០០ បាតក្នុងមួយតោន។ ស្របពេលតម្លៃទីផ្សារនាពេលបច្ចុបន្ននេះ គឺមានតម្លៃត្រឹមតែ ១១ ០០០ បាតក្នុងមួយតោន ទាបជាងតម្លៃសមរម្យ។
មិនត្រឹមតែប៉ុណ្ណោះ គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ បានអនុម័តលើវិធានការចំនួនពីរ ដើម្បីរក្សាស្ថិរភាពតម្លៃពោតចំណីសត្វ ក្នុងរដូវកាលច្រូតកាត់ឆ្នាំ ២០២៣ និង ២០២៤ ជាមួយនឹងថវិកាសរុបចំនួន ៦៥,១ លានបាត។ ដោយថវិកានេះមានគោលបំណងជួយដល់ស្ថាប័នកសិកម្ម និងអង្គភាពអាជីវកម្ម ក៏ដូចជាការរក្សាទុកពោតចំណីសត្វ ដោយមិនពន្លឿនការលក់ចេញទៅក្នុងទីផ្សារ និងរក្សាស្ថិរភាពតម្លៃនៅពេលដែលទីផ្សារប្រឈមនឹងតម្រូវការផ្គត់ផ្គង់ខ្ពស់៕