ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់វៀតណាម VinFast បានប្រកាសពីផែនការក្នុងការសាងសង់រោងចក្រថ្មីមួយ តម្លៃ ១៨,៦ទ្រីលានរូពី (១,២ពាន់លានដុល្លារ) នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
នាយកការិយាល័យប្រធានាធិបតីឥណ្ឌូនេស៊ី លោក Moeldoko បានបង្ហើបប្រាប់ទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃទី៦ ខែវិច្ឆិកា កន្លងទៅថា ផែនការសាងសង់រោងចក្រថ្មីនេះ អាចនឹងចាប់ផ្តើមក្នុងពេលឆាប់ៗ។ ប៉ុន្តែទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ព័ត៌មានលម្អិតអំពីគម្រោងនេះនោះឡើយ។
គួរឱ្យដឹងថា VinFast គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី EV ធំជាងគេបផុតមួយនៅអាស៊ីអាគ្នេយ៍ ដោយក្រុមហ៊ុនរបស់វៀតណាមនេះ ក៏បានធ្វើការនាំចេញរថយន្តរបស់ខ្លួន ទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិករួចមកហើយ។
ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសឥណ្ឌូនេស៊ី បានរាយការណ៍ថា នៅដើមខែកញ្ញាកន្លងទៅ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន VinFast បានជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក Zulkifli Hasan ដោយសន្យាថានឹងជួយសម្រួលដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងការផលិតរថយន្ត នៅក្នុងប្រទេសរបស់ខ្លួន៕