Singapore Airlines ​ប្រកាសប្រាក់ចំណេញក្នុងឆមាសទី១ ស្របពេលការធ្វើដំណើរតាមអាកាសកំពុងមានតម្រូវការ

អន្តរជាតិ

កាលពីថ្ងៃអង្គារ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines របស់ប្រទេសសិង្ហបុរី បានប្រកាសពីប្រាក់ចំណេញរយៈពេលកន្លះឆ្នាំរបស់ខ្លួន ដោយបានបង្ហាញពីតម្រូវការនៃការធ្វើដំណើរមានសភាពមមាញឹកជាងមុន ខណៈពេលដែលចរាចរណ៍នៃអ្នកដំណើរទៅកាន់តំបន់ភាគខាងជើងនៃទ្វីបអាស៊ីបានស្ទុះងើបឡើងវិញ បន្ទាប់ពីប្រទេសនានាបានបើកច្រកព្រំដែនទាំងស្រុង។ នេះបើតាមប្រភពពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនអាកាសចរណ៍មួយនេះបាននិយាយថា សម្រាប់រយៈពេលប្រាំមួយខែដំបូងនៅឆ្នាំ២០២៣ ប្រាក់ចំណេញសុទ្ធបានកើនឡើងដល់ចំនួន ១,៤៤ ពាន់លានដុល្លារសាំងហ្គាពួរ (១,០៦ ពាន់លានដុល្លារ) ខណៈរយៈពេលប្រាំមួយខែដូចគ្នាកាលពីឆ្នាំមុន ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនមានចំនួនត្រឹម ៩២៦,៤ លានដុល្លារសាំងហ្គាពួរ។

ក្នុងនោះ ក្រុមហ៊ុនក៏បានកត់ត្រាផងដែរនូវការថយចុះទឹកប្រាក់ប្រមាណ ៤១៣ លានដុល្លារសាំងហ្គាពួរ ចំពោះការចំណាយលើប្រេងឥន្ធនៈសម្រាប់រយៈពេលប្រាំមួយខែ ប៉ុន្តែក្រុមហ៊ុនបានបង្ហាញពីការព្រួយបារម្ភជុំវិញការកើនឡើងតម្លៃ ដោយសារតែហានិភ័យនៃការផ្គត់ផ្គង់នៅក្នុងទីផ្សារប្រេង។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងកំឡុងពាក់កណ្តាលឆ្នាំ២០២៣នេះ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និងក្រុមហ៊ុនអាកាសចរណ៍ Scoot បានដឹកអ្នកដំណើរប្រហែល ១៧,៤ លាននាក់ កើនឡើងដល់ទៅ ៥២,៣% ពីមួយឆ្នាំទៅមួយឆ្នាំ។

ដោយឡែក ក្រុមហ៊ុន Singapore Airlines បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តម្រូវការដ៏ក្លៀវក្លានៃការធ្វើដំណើរតាមផ្លូវអាកាសនៅរដូវក្តៅ បានបង្កជាការស្ទុះងើបឡើងវិញនៃចរាចរណ៍អ្នកដំណើរ ទៅកាន់ប្រទេសអាស៊ីខាងជើងមួយចំនួន ដែលរួមមានប្រទេសចិន តំបន់រដ្ឋបាលពិសេសហុងកុង​ ជប៉ុន និងតៃវ៉ាន់ជាដើម៕