កំពូលកីឡាករប្រដាល់ភូមា ដាវ លីឌុច នៅថ្ងៃពុធនេះ បានលើកម្រាមទាំង១០ សំពះពីទឹកដីខេត្តសៀមរាប ថាសៀមរាបបានឆក់យកបេះដូងរបស់លោកហើយ ខណៈដែលពេលនេះ លោកកំពុងធ្វើដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់នៅតាមប្រាង្គប្រាសាទ និងរមណីយដ្ឋានប្រវត្តិសាស្ត្រនានានៃអតីតរាជធានី អាណាចក្រខ្មែរ។
ក្រោមការយកចិត្តទុកដាក់ និងរៀបចំបដិសណ្ឋារកិច្ចដ៏សែនកក់ក្តៅពី អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា អ្នកឧកញ៉ាបានយក helicopter ផ្ទាល់ខ្លួនជូនដំណើរកំពូលកីឡាករ ដាវ លីឌុច ទៅទស្សនាខេត្តសៀមរាប ដើម្បីមើលឃើញផ្ទាល់ភ្នែក ពីមរតកចម្លាក់ក្បាច់គុនបុរាណរបស់បុព្វបុរសខ្មែរ នាសម័យមហានគរ នៅតាមជញ្ជាំងប្រាសាទអង្គរវត្ត បន្ទាប់ពីបញ្ចប់ការប្រកួតជាមួយអ្នកប្រដាល់ ព្រំ សំណាង កាលពីរាត្រីថ្ងៃទី០៥ ខែ វិច្ឆិកា។
ស្ដេចប្រដាល់ភូមា បានបង្ហាញអារម្មណ៍រីករាយ និងសោមនស្សជាខ្លាំង ចំពោះការធ្វើដំណើរទស្សនាខេត្តសៀមរាប។ ជាពិសេសកីឡាករ ដាវ លីឌុច បានគូសបញ្ជាក់ថា លោកមានក្ដីស្រមៃចង់ទស្សនាប្រាសាទអង្គរវត្ត ជាយូរណាស់មកហើយ។ លោកបាននិយាយបន្ថែមថា ការអញ្ជើញរបស់សហស្ថាបនិកក្រុមហ៊ុនខ្នាតយក្ស ជីប ម៉ុង ដោយជិះ helicopter ទៅកាន់ខេត្តសៀមរាប លើកនេះ គឺជាការចង់ចាំមិនអាចបំភ្លេចបាន និងជាទីមោទនភាពបំផុតក្នុងជីវិត។
សូមជម្រាបថា កំពូលកីឡាករប្រដាល់ ដាវ លីឌុច និងកីឡាករប្រដាល់ឆ្នើមរបស់កម្ពុជា ព្រំ សំណាង បានបញ្ចប់លទ្ធផលដោយស្មើគ្នា លើវិញ្ញាសារការប្រកួតអំបោះឆៅ Mass Fight ចំនួន ៩នាទី ក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់មិត្តភាពអន្តរជាតិជាប្រវត្តិសាស្ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា បន្ទាប់ពីកីឡាករទាំងពីរ បានខិតខំហ្វឹកហាត់ត្រៀមខ្លួនអស់រយៈពេលជាច្រើនខែ។ ក្រោយចប់ការប្រកួត គេសង្កេតឃើញកីឡាករ ដាវ លីឌុច ទទួលបានការគាំទ្រជាច្រើនពីសំណាក់ប្រជាជនកម្ពុជាផងដែរ៕