កាលពីថ្ងៃពុធ សមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បាននិយាយថា ការលក់រថយន្តដឹកអ្នកដំណើរនៅក្នុងប្រទេសចិន បានកើនឡើងចំនួន ៩,៩% នៅក្នុងខែតុលាបើធៀបនឹងឆ្នាំមុន ខណៈដែលបណ្តាក្រុមហ៊ុនផលិតរថយន្ត បានប្រជែងគ្នាដើម្បីសម្រេចបាននូវគោលដៅលក់ នៅក្នុងទីផ្សាររថយន្តកំពូលរបស់ពិភពលោក។
បើតាមប្រភពពីសារព័ត៌មាន CNA បានចុះផ្សាយថា ការលក់រថយន្តនៅក្នុងប្រទេសចិនមានចំនួនសរុប ២,០៥ លានគ្រឿងកាលពីអំឡុងខែតុលា ខណៈដែលការលក់ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៣ បានកើនឡើង ៣% ពីមួយឆ្នាំទៅមួយឆ្នាំ ឬស្មើរនឹងចំនួន ១៧,៤៦ លានគ្រឿង។
ក្នុងនោះ ការលក់រថយន្តថាមពលថ្មី (NEV) នៅក្នុងខែតុលា បានកើនឡើង ៣៧,៥% ពីមួយឆ្នាំទៅមួយឆ្នាំ ឬស្មើនឹង ៣៧,៤% នៃការលក់រថយន្តសរុប។ តែទោះជាយ៉ាងណាក៏ដោយ តម្រូវការរថយន្តអគ្គិសនីបានធ្លាក់ចុះនៅក្នុងប្រទេសចិន ដោយសារអ្នកប្រើប្រាស់មានការពេញចិត្តចំពោះប្រភេទរថយន្ត Plug-in hybrid ដែលមានការសន្សំសំចៃខ្ពស់ ដែលជួយឱ្យក្រុមហ៊ុនផលិតរថយន្តដូចជា Li Auto និង BYD ទទួលបានចំណែកទីផ្សារយ៉ាងល្អ។
ជាមួយគ្នា ក្រុមហ៊ុន BYD បានលក់រថយន្តដឹកអ្នកដំណើរបានចំនួន ៣០១ ០៩៥ គ្រឿង រួមទាំងស៊េរី Dynasty, Ocean និង Denza នៅក្នុងខែតុលា កើនឡើង ៣៨,៤% ពីមួយឆ្នាំទៅមួយឆ្នាំ ស្របពេលដែលការនាំចេញមានតួលេខច្រើនជាង ១០% ផងដែរ។
ដោយឡែក ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ខ្នាតយក្សរបស់អាមេរិក Tesla បើប្រៀបធៀបជាមួយគូប្រជែងរបស់ខ្លួននៅក្នុងស្រុកវិញ ឃើញថាទិន្នន័យនៃការលក់រថយន្តមានទាបជាងការចែកចាយ ដោយនៅក្នុងខែតុលា ការលក់បានធ្លាក់ចុះ ២,៦% បើធៀបនឹងខែមុន ខណៈក្រុមហ៊ុនបាននាំចេញរថយន្ត EV ដែលផលិតនៅប្រទេសចិនចំនួន ៤៣ ៤៨៩ គ្រឿង៕