ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋក្រីក្រ ក្នុងដំណាក់កាលប្រទេសកំពុងតែប្រឈមនឹងជំងឺកូវីដ១៩ រហូតធ្វើឱ្យពលរដ្ឋមួយចំនួនផ្អាកការងារ ជាពិសេសប្រជាពលរដ្ឋក្រីក្រកំពុងជួបប្រទះការខ្វះខាតម្ហូបអាហារនោះ លោកឧកញ៉ា អ៊ឹង គីមហុង និងលោកស្រី សុខ ស្រីអូន បានមានទឹកចិត្ត និងសទ្ធាជ្រះថ្លាចូលរួមជួយ ឧបត្ថម្ភសម្ភារមួយចំនួនដល់ប្រជាពលរដ្ឋក្រីក្រី១០០គ្រួសារ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលនេះមិនមែនជាចូលរួមជួយជាលើកទី១នោះទេ គិតចាប់ពីប្រទេសប្រឈមនឹងជំងឺកូវីដ១៩មក។
លោកឧកញ៉ា អ៊ឹង គីមហុង បានឱ្យដឹងថា ការផ្តល់អំណោយនៅពេលនេះ គឺដោយមើលឃើញពីការខ្វះខាតរបស់ប្រជាពលរដ្ឋ និងដើម្បីជាការរួមចំណែ ជាមួយរាជរដ្ឋាភិបាល ក្នុងការជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះដោយហេតុផ្សេងៗក៏ដូចជា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល នៅលើពិភពលោក ហើយនៅប្រទេសកម្ពុជាក៏រងផលប៉ះពាល់ជំងឺនេះផងដែរ ហើយនេះគឺមិនមែនជាលើកទី១នោះទេ បើគិតចាប់ពី ប្រទេសកម្ពុជាជួបប្រទះនូវជំងឺ កូវីដ១៩មក។
លោកឧកញ៉ា អ៊ឹង គីមហុង ក៏បានប្រាប់ប្រជាពលរដ្ឋទៀតថា ការចូលរួមជួយនៅពេលនេះគឺដោយសារតែលោកបានយល់ច្បាស់ ពីភាពលំបាករបស់ប្រជាពលរដ្ឋ ដោយហេតុថា មុននឹងលោកបានមកដល់សព្វថ្ងៃនេះ លោកក៏បានជួយប្រទះនូវការលំបាកច្រើនផងដែរ តែដោយសារតែការខិតខំប្រឹងប្រែង ពុះពាររាល់ការលំបាកពីមុន មកច្រើន ទើបលោកអាចឈានជើងបានដល់ពេលនេះបាន។
លោកឧកញ៉ា អ៊ឹង គីមហុង ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID ១៩ កុំឱ្យកើតមាន នៅក្នុងគ្រួសារ និងនៅក្នុងសហគមន៍ ជាពិសេសត្រូវអប់រំកូនចៅឱ្យខិតខំរៀនសូត្រជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយផ្សេងៗដែលសង្គមស្អប់ខ្ពើម និងត្រូវខិតខំបង្កើនមុខរបររកចំណូលប្រចាំថ្ងៃឡើងវិញផងដែរ។
សូមបញ្ជាក់ថា អំណោយរបស់លោកឧកញ៉ា អ៊ឹង គីមហុង និងលោកស្រី សុខ ស្រីអូន ប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ នៅខណ្ឌពោធិ៍សែនជ័យ រួមមានក្នុងមួយគ្រួសារ ទទួលបាន អង្ករ១០គីឡូ មី១កេះ ថវិកា១ម៉ឺនរៀលផងដែរ៕
ប្រភព៖ freshnewsasia