កម្ពុជានាំចេញស្រូវអង្ករ ទៅកាន់ ៥៩ ប្រទេស  បានចំណូលជិត ១ ៣០០លានដុល្លារ ត្រឹម១០ខែឆ្នាំនេះ

សង្គម​ និង​សេដ្ឋកិច្ច

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា កម្ពុជាបាននាំចេញស្រូវអង្ករ ទៅកាន់គោលដៅចំនួន ៥៩ប្រទេស និងទទួលបានចំណូលជិត ១ ៣០០លានដុល្លារអាមេរិក ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធស្រូវអង្ករកម្ពុជា កាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា រយៈពេល១០ខែ ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករបានជិត ៥៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់ចំនួន ៣៧៧លានដុល្លារ និងនាំចេញស្រូវចំនួនជាង ៣លានតោន ដែលគិតជាទឹកប្រាក់ ៨៦២លានដុល្លារ។

ជាមួយគ្នានេះ ក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥២៩ ៩២៤ តោន ដោយក្រុមហ៊ុននាំចេញអង្ករ ចំនួន៥៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៩ ដែលក្នុងនោះ៖ ប្រទេសចិន និងហុងកុង បានចំនួន ១៧៧២៨៥ តោន ដែលគិតជាទឹកប្រាក់បានចំនួន១១៥.៣០លាន ដុល្លារសហរដ្ឋអាមេរិក។ ប្រទេសនៅទ្វីបអឺរ៉ុបចំនួន២៦ប្រទេស បានចំនួន ២១៧ ០៦៨ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៥៥.៥៨ លានដុល្លារសហរដ្ឋអាមេរិក។

ក្រៅពីនេះ កម្ពុជា ក៏បាននាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៦ ប្រទេស បានបរិមាណចំនួន ៦២ ៤៩២ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៤២.៣២ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា -ល-។ ដោយឡែក ចំនួន២៥ប្រទេសទៀត បានចំនួន៧៣ ០៧៩ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៦៤.៣០ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករក្រអូបគ្រប់ប្រភេទវិញ នាំចេញបានចំនួន ៨១.៧៩% អង្ករស ចំនួនជិត ១៣.៣០% អង្ករចំហ៊ុយចំនួន ៣.២៤% អង្ករសរីរាង្គចំនួន ១.៦៥% និង អង្ករសគ្រាប់ខ្លីចំនួន ០.០១%។

ជាងនេះទៀត ក្នុងរយៈពេល១០ខែមកនេះដែរ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ៣០៨ ៦៤៨ តោន ដែលគិតជាទឹកប្រាក់បានប្រមាណជា ៨៦២.៤៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះជាង ៦០% បាននាំចេញដោយបានឆ្លងកាត់ ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ចផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពី សហព័ន្ធស្រូវអង្ករកម្ពុជា៕