ចិននៅតែជាដៃគូពាណិជ្ជកម្មធំនឹងជាប្រភពនៃការវិនិយោគយដ៏សំខាន់របស់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ផ្នែកលើគម្រោងវិនិយោគជាក់ស្តែងនាពេលបច្ចុប្បន្ន ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការមានជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទំាងពីរ ត្រូវបានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានអះអាងថា ចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំសម្រាប់កម្ពុជា និងជាប្រភពនៃការវិនិយោគដ៏សំខាន់របស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីអបអរសាទរខួប ១ឆ្នាំ ការបើកឱ្យដំណើរការជាផ្លូវការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុកាលពីថ្ងៃទី ៧វិច្ឆិកា២០២៣ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាមានប្រសាសន៍បញ្ជាក់ថា «នៅក្នុងរយៈពេលប៉ុន្មានឆ្នំាកន្លងមកនេះមានដំណឹងល្អជាញឹកញាប់អំពីការកិច្ចសហការជាក់ស្តែងរវាងកម្ពុជា ចិននៅក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក្នុងនោះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន បានចូលជាធរមានជាផ្លូវការ ហើយប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតនិងជាប្រភពនៃការវិនិយោគសំខាន់បំផុតរបស់កម្ពុជា»។

លោកលើកឡើងថា ភាគីទំាងពីរបានរួមគ្នាអនុវត្ត គម្រោងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់មួយនិងផ្លូវមួយសំខាន់ៗមួយចំនួននៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះផ្លូវល្បឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានបើកឱ្យប្រើប្រាស់ជាផ្លូវការ, ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតបានចាប់ផ្តើមសាងសង់ដោយរលូន,អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

លោកសង្កត់ធ្ងន់ថា គម្រោងទំាងនេះនឹងជំរុញឱ្យប្រទេសកម្ពុជា បង្កើតនៅបណ្តាញផ្លូវល្បឿនលឿននិងបណ្តាញដឹកជញ្ជូនផ្លូវអាកាសសមរម្យនិងងាយស្រួលក្នុងការជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការតភ្ជាប់នៅក្នុងតំបន់ និងជួយឱ្យកម្ពុជាសម្រេចបាននូវការរីកចម្រើនយ៉ាងខ្លំាងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ។

លោក Wang Wentian មានប្រសាសន៍ថា «ខ្ញុំពិតជាមានសេចក្តីសោមមនស្សរីករាយណាស់ដែលបានឃើញ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានដាក់ឱ្យដំណើរការ ដើម្បីបំពេញនៅសេចក្តីស្រម៉ៃរបស់កម្ពុជា និងជួយឱ្យកម្ពុជាឈានចូលយុគ្គសម័យប្រតិបត្តិការផ្លូវល្បឿនលឿនប្រកបដោយសុវត្ថិភាពនិងស្ថិរភាពអស់រយៈពេលមួយឆ្នំាកន្លងមក និងបានបង្ហាញឱ្យឃើញថាផ្លូវល្បឿនលឿននេះបានកាត់បន្ថយការចំណាយដល់ការដឹកជញ្ជូនច្រើនតាមរយៈផ្លូវមួយនេះ ។ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុគឺជាសមិទ្ធិផលដ៏សំខាន់មួយទៀត នៃកិច្ចសហប្រតិបត្តិការ ខ្សែក្រវាត់មួយនិងផ្លូវមួយរបស់ចិន និងកម្ពុជា ហើយនឹងក្លាយជាផ្លូវមិត្តភាពមួយទៀតដែលបានតភ្ជាប់រវាងប្រជាជនចិននិងប្រជាជនកម្ពុជា»។

បើតាមលោក Wang Wentian ឆ្នំានេះគឺជាឆ្នំាខូបលើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា ចិននិងជាឆ្នំាមិត្តភាពរវាងកម្ពុជា ចិន ហើយក៏ជាខូបលើកទី១០នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ ចាប់ផ្តើមតំាងពីសម្តេចតេជោហ៊ុនសែន និងសម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីបានជួបពិភាក្សាការងារជាច្រើនលើកជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន ហើយភាគីទំាងពីរបានឯកភាពគ្នាក្នុងការបន្តរក្សាចំណងមិត្តភាពពីមួយជំនាន់ទៅមួយជំនាន់, ពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ពន្លឿនការបន្ស៊ីគ្នា នៅក្នុងកម្រិតខ្សែក្រវាត់មួយនិងផ្លូវមួយ និងយុទ្ធសាស្ត្របញ្ចកោណ ពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រដោយមានវិស័យអាទិភាពចំនួន៦រវាងចិននិងកម្ពុជានិង ក្នុងការជំរុញនិងការសាងសហគមន៍វាសនារួមកម្ពុជាចិន ក្នុងយុគ្គសម័យថ្មី។

លោកគូសបញ្ជាក់ថា «ខ្ញុំជឿជាក់ថា ដោយសារមានការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទំាងពីរនឹងផ្នែកលើគោលគំនិតនៃការពិគ្រោះយោបល់រួមគ្នា ការចូលរួមចំណែករួមគ្នា និងអត្ថប្រយោជន៍រួមគ្នា កសាងសហគមន៍វាសនារួមចិន និងកម្ពុជា នាយុគ្គសម័យថ្មីប្រាកដជានិងសម្រេចបាននូវសមិទ្ធផលធំៗនិងថ្មីៗបន្តបន្ទាប់ទៀត»៕ អត្ថបទ៖សារេត