ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា អំពាវនាវប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ។
ក្នុងឪកាសស្តេចយាងជាអធិបតីភាពក្នុងពិធីមីទ្ទីងមហាជន នាឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ថ្ងៃ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៣ នៅព្រះពន្លាទីនាំងចន្ទឆាយាមុខព្រះបរមរាជវាំង នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា «តាមរយៈមីទ្ទិញ យើងអាចសន្និដ្ឋានបានថា មាតុភូមិ និងប្រជាជនកម្ពុជាយើងពិតជានឹងទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់ រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយដែលធានា បានឯកភាពជាតិដ៏រឹងមាំ»។
ព្រះមហាក្សត្រ មានព្រះរាជបន្ទូលបន្តថា ក្រោមទង់ជ័យនៃមហាសាមគ្គីជាតិ ក្រោមទង់ដ៏សុខសាន្ត នៃព្រះពុទ្ធសាសនា និងក្រោមបារមី ព្រះមហាក្សត្រ ដែលជាបុព្វបុរសជាតិ ជាព្រះស្ថាបនិកដ៏ល្បាញល្បីនៃការកសាងប្រាង្គប្រាសាទដ៏ល្អប្រណីត ស្ថិតនៅស្កឹមស្កៃគ្រប់ទិសទីក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា មាតុភូមិដែលជាកេរមរតកជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបានរបស់យើង ពិតជាពុំអាចមានសត្រូវណាមួយរំលោភឈ្លានពានលើបូរណភាពទឹកដីបានឡើយ។
ទន្ទឹមនឹងនោះអង្គព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទុលកោតសរសើរសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឆ្លាតវៃ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយដ៏ត្រឹមត្រូវ ក្នុងការប្រតិបត្តិតាមមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ មានកិត្យានុភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិ៕