អតីតរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូនេស៊ី ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ១៥ ឆ្នាំ

អន្តរជាតិ

តុលាការប្រឆាំងអំពើពុករលួយរបស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៨ ខែវិច្ឆិកាកន្លងទៅ បានកាត់ទោសអតីតរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានវិទ្យា លោក Johnny Gerard Plate ឱ្យជាប់ពន្ធនាគារ ១៥ ឆ្នាំ ជុំវិញករណីអំពីពុករលួយទាក់ទងទៅនឹងគម្រោង​អភិវឌ្ឍ​ហេដ្ឋរចនាសម្ព័ន្ធអ៊ីនធើណិត នៅតំបន់ដាច់ស្រយាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងទៀតថា តុលាការរបស់ប្រទេសឥណ្ឌូនេស៊ី ក៏បានទាមទារឱ្យ លោក Plate ផ្តល់សំណងទឹកប្រាក់ ១៥,៥ពាន់លានរូពី ឬប្រហែល ៩៩០ ០០០ដុល្លារ ចំពោះការកេងបន្លំ និងផាកពិន័យចំនួន ១ពាន់លានរូពីបន្ថែមទៀត សម្រាប់ករណីពុករលួយ ដែលបានធ្វើឱ្យរដ្ឋាភិបាលខាតបង់ច្រើនជាង ៨ពាន់លានរូពី។

គួរឱ្យដឹងថា គម្រោងនេះ​បានចាប់ផ្តើមនៅចុងឆ្នាំ ២០២០ ក្នុងគោលបំណងសាងសង់​ស្ថានីយ​បញ្ជូនទិន្នន័យមូលដ្ឋាន សម្រាប់ប្រព័ន្ធអ៊ីនធើណិត 4G ដើម្បីផ្តល់សេវាទូរស័ព្ទចល័តដល់ប្រជាជននៅតាមភូមិរាប់ពាន់ ក្នុងតំបន់ដាច់ស្រយាល នៅទូទាំងប្រជុំកោះឥណ្ឌូនេស៊ី។

ជម្រាបជូនផងដែរថា ជុំវិញករណីពុករលួយនេះ មាន​ជនជាប់ចោទ​យ៉ាងតិច ​៧​នាក់​ ដោយក្នុង​នោះ​ក៏រួមមាន​មន្ត្រី​របស់​ក្រសួងទំនាក់ទំនង និងព័ត៌មានវិទ្យា អ្នកជំនាញ និងអ្នកវិនិយោគផងដែរ​៕