នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកានេះ នឹងធ្វើការបញ្ជាក់លម្អិតទាក់ទងទៅនឹងគោលនយោបាយចែកលុយឌីជីថល ដែលមានតម្លៃសរុបប្រមាណ ១៥ពាន់លានដុល្លារ របស់រដ្ឋាភិបាល ចំពេលកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីលទ្ធភាពក្នុងការទទួលបានភាពជោគជ័យ និងផលប៉ះពាល់លើសេដ្ឋកិច្ចរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។
គោលនយោបាយចែកលុយឌីជីថល ដែលត្រូវបានដាក់ចេញដោយគណបក្សកាន់អំណាចភឿថៃ ត្រូវបានគេរំពឹងទុកថានឹងកាត់បន្ថយផែនការដើមរបស់ខ្លួន ចំពោះការផ្តល់ថវិកាជូនដល់ពលរដ្ឋថៃម្នាក់ៗ ក្នុងចំនួន ១០ ០០០បាត ដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។
ហើយកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលថៃ បាននិយាយថា ខ្លួននឹងធ្វើការពិចារណាឡើងវិញ ជុំវិញការកាត់បន្ថយវិសាលភាពនៃគម្រោងនេះ ដើម្បីងអនុវត្តចំពោះតែប្រជាជនក្រីក្រចំនួន ១៦ លាននាក់ប៉ុណ្ណោះ ដែលនេះនឹងមិនរាប់បញ្ចូលអ្នកដែលមានប្រាក់ចំណូលប្រចាំខែខ្ពស់នោះឡើយ។
ជុំវិញផែនការដ៏ធំនេះ សេដ្ឋវិទូ ក៏ដូចជាអតីតប្រធានធនាគារកណ្តាលមួយចំនួន បានធ្វើការព្រមានថា គម្រោងចែកចាយលុយ ដែលមានតម្លៃស្មើទៅនឹងប្រហែល ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) នោះ អាចនឹងជាបញ្ហាចម្បងដល់សារពើពន្ធ និងអាចបន្ថែមអតិផរណាទៀត ផងដែរ ។
ដោយឡែក លោក Srettha ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងនោះ នៅថ្ងៃសុក្រនេះ បានប្រកាសថា នឹងធ្វើសន្និសីទសារព័ត៌មានស្តីពីផែនការចែកលុយឌីជីថលនេះសារជាថ្មី។
ជម្រាបជូនផងដែរថា ផែនការនេះត្រូវបានគេរំពឹងថានឹងត្រូវអនុវត្តនៅដើមឆ្នាំក្រោយ ប៉ុន្តែរដ្ឋាភិបាល មិនទាន់បានលម្អិតអំពីរបៀបដែលផែនការនឹងត្រូវបានដាក់ចេញ ឬការផ្តល់ហិរញ្ញប្បទាននៅឡើយនោះទេ៕