ប៊ុលហ្គារី ធ្វើទំនើបកម្មទិញរថយន្តពាសដែក ដើរឲ្យទាន់តាមស្តង់ដារអង្គការ NATO

អន្តរជាតិ

ទីភ្នាក់ងារព័ត៌មាន BTA បានរាយការណ៍ថា សភាប៊ុលហ្គារីកាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តលើការទិញរថយន្តប្រយុទ្ធ Stryker ពីសហរដ្ឋអាមេរិក ក្នុងតម្លៃសរុបប្រមាណ ១,៥ ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មយោធាប្រទេសខ្លួន និងនាំយករថយន្តប្រភេទនេះ អោយដើរស្របតាមស្តង់ដារ របស់អង្គការណាតូ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈរបាយការណ៍បាននិយាយថា សភាតំណាងរាស្រ្តចំនួន ១៣៤ រូប នៅក្នុងសភាដែលមាន ២៤០ អាសនៈ បានបោះឆ្នោតសម្រាប់កិច្ចព្រមព្រៀងទិញរថយន្ត Stryker ចំនួន ១៨៣ គ្រឿង ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការលក់រថយន្ត Stryker ទៅឲ្យប៊ុលហ្គារី កាលពីខែកញ្ញា។

រថយន្ត Stryker គឺជាគ្រួសារនៃប្រភេទរថពាសដែកមានកង់ប្រាំបី និងមានទម្ងន់ ១៩ តោន ដែលផលិតដោយក្រុមហ៊ុន General Dynamic Land Systems នៅក្នុងប្រទេសកាណាដា សម្រាប់បម្រើដល់កងយោធាសហរដ្ឋអាមេរិក។ 

សូមជម្រាបផងដែរថា ប៊ុលហ្គារី ដើមឡើយជាអតីតសមាជិកនៃប្លុកសូវៀត ក្រោយមកប្រទេសនេះបានចូលរួមជាមួយសហភាពអឺរ៉ុប (EU) និងអង្គការណាតូ (NATO) លុះឈានមកដល់សម័យសង្គ្រាម នៃការលុកលុយពេញទីរបស់រុស្ស៊ី លើអ៊ុយក្រែននៅឆ្នាំ ២០២២ ហាក់ដូចជាសារដាស់តឿនមួយ ជម្រុញឲ្យប៊ុលហ្គារីចាប់ផ្តើមធ្វើទំនើបកម្ម លើប្រព័ន្ធសព្វាវុធមួយចំនួនធំពីលោកខាងលិច ដើម្បីជំនួសសព្វាវុធចាស់ៗដែលផលិតដោយសហភាពសូវៀត៕