តាមរយៈការចុះផ្សាយពីសារព័ត៌មាន Reuters ដោយផ្អែកតាមទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញថា ប្រទេសឥណ្ឌាបានចំណេញប្រាក់ប្រហែល ២,៧ ពាន់លានដុល្លារ ពីការនាំចូលប្រេងរបស់រុស្ស៊ី ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៣ នេះ។
ក្នុងនោះទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញឲ្យដឹងថា នៅចន្លោះខែមករា និងខែកញ្ញា ប្រទេសឥណ្ឌាបាននាំចូលប្រេងពីរុស្ស៊ីចំនួន ៦៩,០៦ លានតោន ឬស្មើនឹង ១,៨៥ លានបារ៉ែលក្នុងមួយថ្ងៃ ។
ជាមួយគ្នានោះ បើរាប់បញ្ចូលទាំងថ្លៃដឹកជញ្ជូន និងការធានារ៉ាប់រង ប្រេងរុស្ស៊ីដែលត្រូវបានចែកចាយទៅកាន់ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា មានតម្លៃជាមធ្យមប្រហែល ៥២៥,៦០ ដុល្លារ ក្នុងមួយតោន ខណៈបើប្រៀបធៀបប្រេងរបស់អ៊ីរ៉ាក់ ដែលមានគុណភាពប្រហាក់ប្រហែល នឹងប្រេងឆៅ Urals របស់រុស្ស៊ីនោះ គឺមានតម្លៃជាមធ្យមប្រហែល ៥៦៤,៤៦ ដុល្លារក្នុងមួយតោន នៅអំឡុងរយៈពេលដូចគ្នា។
ដូច្នេះហើយ ការគណនាបានបង្ហាញថា ភាគខុសគ្នានៃតម្លៃនេះ វាមានន័យថា ឥណ្ឌាចំណេញប្រាក់បានចំនួន ២,៧ ពាន់លានដុល្លារ ពីការទិញប្រេងរុស្ស៊ី ជំនួសប្រេងឆៅមកពីអ៊ីរ៉ាក់។
គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌា បានជំនួសតំណែងបណ្តាប្រទេសនៅអឺរ៉ុប ដោយបានក្លាយខ្លួនជាប្រទេសទិញប្រេងឆៅដ៏ធំបំផុត ពីប្រទេសរុស្ស៊ីនៅឆ្នាំនេះ បន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ជុំវិញការឈ្លានពានលើអ៊ុយក្រែនកាលពីឆ្នាំមុន៕