អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីជាប្រធានសមាគមនិយោជកចំនួន ១៨ស្ថាប័ន ចុះហត្ថលេខាលើចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សាដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: កាលព្រឹកថ្ងៃសៅរ៍ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
ពិធីចុះហត្ថលេខា MoU ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ កាន់ប៊ិចចុះហត្ថលេខាដោយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្ម, អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា, អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា, លោកស្រីឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា, ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា, អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា, លោកស្រីឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាស-កម្ពុជា, ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា, ឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ព្រមទាំងលោក លោកស្រីតំណាងសមាគមមួយចំនួនទៀត។
លោក ហេង សួរ លើកឡើងថា ការចុះអនុស្សរណៈយោគយល់គ្នាដ៏ធំនេះនឹងបើកផ្លូវឱ្យមានការហាត់ការសម្រាប់អ្នកសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យមានសមត្ថភាពជាក់លាក់ដើម្បីអាចក្លាយជាកម្លាំងពលកម្មដ៏មានប្រសិទ្ធភាពក្នុងសង្វាក់ការងារដោយសារតែជាការផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តក្នុងការចូលរួមចំណែកជួយកសាង អភិវឌ្ឍ និងពង្រឹងធនធានមនុស្សនៅកម្ពុជា។
លោកបន្ថែមថាកិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ជំនាញ បង្កើនជំនាញ ផ្លាស់ប្តូរជំនាញ និងបង្កើនផលិតភាពការងារ ដើម្បីធានាថា ពលរដ្ឋកម្ពុជាមានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបរសមរម្យ និងមានស្ថិរភាពចំណូលស្របតាមការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយវិស័យឯកជននេះ ធ្វើឡើងនៅមុនពេលរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខនឹងប្រកាសដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈកម្រិត C1 ដល់ក្រុមយុវជនគោលដៅប្រមាណ១.៥លាននាក់មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យឱ្យមានជំនាញជាក់លាក់ និងឆាប់ទទួលបានការងារធ្វើដើម្បីលើកម្ពស់ជីវភាពនិងកាត់បន្ថយការលំបាក៕