ការចុះ MOU រវាងក្រសួងការងារ និងសមាគមទាំង១៨ ក្នុងគោលបំណងធំៗចំនួន៨

សង្គម​ និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៨ បានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីអំពីកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សាដើម្បីគាំទ្រលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចុះអនុស្សរណៈនៃការយោគយល់ នាព្រឹកនេះ មានការអញ្ជើញចូលរួមពី លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ ប្រធានសមាគមទាំង១៨ ព្រមទាំងថៅកែរោងចក្រសហគ្រាសជាច្រើនរូបផងដែរ។

ក្នុងឱកាសនេះ លោក ហេង សួរ បានលើកឡើងពីគោលបំណង៨ធំៗក្នុងការចុះអនុស្សរណៈនៃការយោគយល់នេះ។ក្នុងនោះមានដូចជា៖

១.ផ្ដល់ឱកាសឱ្យសិស្ស និស្សិត អាចចូលរៀនបានទាំងអស់និងអាចហាត់ការនៅតាមរោងចក្រសហគ្រាស ក្នុងការផ្សារភ្ជាប់ទ្រឹស្ដីនិងការអនុវត្ត។

២. សិស្សនឹងទទួលបាននូវ ចំណេះដឹងជាក់ស្ដែងផ្សេងទៀត ដែលទទួលបានពីការណែនាំ របស់អ្នកគ្រប់គ្រងនៅតាមបណ្ដាររោងចក្រសហគ្រាស ក៏ដូចជាវិស្វករនៅតាមការដ្ឋានឬអ្នកជំនាញផ្សេងៗទៀត។

៣. ផ្ដល់ឱកាសឱ្យសិស្សបញ្ចេញសមត្ថភាព បញ្ចេញនូវការទទួលខុសត្រូវ ដើម្បីឱ្យរោងចក្រសហគ្រាស ពិចារណា វាយតម្លៃលើសមត្ថភាព ហើយជ្រើសរើសឱ្យធ្វើជាបុគ្គលិកពេញសិទ្ធ។

៤. ជួយដល់សាលានានា ដែលមានបន្ទប់រោងជាង និងឡាបូ ក្នុងទ្រង់ទ្រាយតូចនៅឡើយ ពោលគឺនៅតាមសាលា ដាក់សម្រាប់បង្ហាញជានិម្មិតរូបដល់សិស្សប៉ុណ្ណោះ។ ហើយកាលណាវិស័យឯកជនចូលខ្លួនទៅជួយ នោះសិស្សនឹងមានកន្លែងហាត់ការងារផង និងបានឃើញពីខ្សែច្រវ៉ាក់ផលិតកម្មក្នុងរោងចក្រផ្ទាល់ផង ក្រោមការបង្ហាត់បង្រៀនដោយអ្នកជំនាញ។

៥. វិស័យឯកជនក៏នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនផងដែរ ដូចជា បានបំពេញច្បាប់ស្ដីពីការព្វកិច្ចក្នុងការងារ ស្របតាមច្បាប់នៃការងារនៅជំពូក៣ ដែលចែងថា រោងចក្រ សហគ្រាសទាំងអស់ ត្រូវតែផ្ដល់ឱកាសហ្វឹកហ្វឺនជាង១០% ទៅកាន់បុគ្គលិក។ ការផ្ដល់ឱកាសនៃការហាត់ការនេះ ត្រូវបានក្រសួងចាត់ទុកថា ជាការផ្នែកមួយនៃការហ្វឹកហ្វឺនកូនជាងផងដែរ។

៦. វិស័យឯកជន និងមានឱកាសមួយបន្ថែមទៀត គឺការសម្លឹងមើលឃើញសិស្សកំពុងហាត់ការ ប្រកបដោយសមត្ថភាព ហើយអាចជ្រើសរើសសិស្សទាំងអស់នោះ ចូលធ្វើការនៅក្នុងរោងចក្ររបស់ខ្លួន។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា បុគ្គលរូបណាដែលទទួលបានកន្លែងហាត់ការ បានដុះខាត់សមត្ថភាពរបស់ខ្លួនរួច ប្រាកដណាស់ជាស្គាល់កន្លែងខ្លួនឯង និងស្រឡាញ់ការងារដែលខ្លួនកំពុងធ្វើ មិនងាករេទៅរកក្រុមហ៊ុនណាងាយៗនោះទេ។

៧. ក្រោយពីផ្ដល់កន្លែងហាត់ការ វិស័យឯកជននឹងទទួលបាននូវបុគ្គលិកដែលស្មោះត្រង់, ស្រឡាញ់ ,ចេះជួយថែរក្សា និងជួយក្រុមហ៊ុនតាមរយៈលទ្ធផលនៃការធ្វើការរបស់ខ្លួន។

៨. បង្កើនការងារ និងប្រាក់ឈ្នួលឬប្រាក់រង្វាន់ផ្សេងៗទៀតជាច្រើន ។ ត្រង់នេះ រដ្ឋមន្ត្រីក្រសួងការងារ បញ្ជាក់ថា បើកាលណា កម្មករ កម្មការិនី មានសមត្ថភាពជួយក្រុមហ៊ុនឱ្យរីកចម្រើននោះ ឱកាសការងារនឹងកើនដុះដាលជាច្រើនផ្សេងៗ។

ជាមួយនឹងគោលបំណងទាំង៨ខាងលើនេះ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននឹងរដ្ឋ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនេះនឹងផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយវិស័យឯកជននេះ ធ្វើឡើងនៅមុនពេលដែលរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ នឹងប្រកាសដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈកម្រិត C1 ដល់ក្រុមយុវជនគោលដៅប្រមាណ១.៥លាននាក់ មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យឱ្យមានជំនាញជាក់លាក់ និងឆាប់ទទួលបានការងារធ្វើដើម្បីលើកម្ពស់ជីវភាពនិងកាត់បន្ថយការលំបាក នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ៕

អត្ថបទ៖ សុកធា