អ្នកឧកញ៉ា លឹម ហេង បានវិញ្ញាបនបត្រទទួលស្គាល់ពីអភិបាលក្រុងឡុងប៊ិច សហរដ្ឋអាមេរិក

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លឹម ហេង ​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​​បាន​ទទួល​វិញ្ញាបនបត្រ​នៃ​ការ​ទទួល​ស្គាល់​ពី​លោក Rex Richardson អភិបាល​ក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ​​កាលពី​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ក្រោយ​ពី​ទទួល​បាន​វិញ្ញាបនបត្រ​ដ៏​មាន​កិត្តិយស​នេះ​ អ្នកឧកញ៉ា បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា ជាកិត្តិយសណាស់​ដែលទទួលបានវិញ្ញាបនបត្រ​នៃការទទួលស្គាល់ ពីទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។

វិញ្ញាបនបត្រ​នេះ​​មាន​ខ្លឹមសារ​ថា៖ “វិញ្ញាបនប​ត្រនៃការទទួលស្គាល់ជូន អ្នកឧកញ៉ា លឹម ហេង ​សូមអរគុណ​ចំពោះ​ការប្តេជ្ញាចិត្តរបស់អ្នកចំពោះសហគម​កម្ពុជា។ យើងទទួលស្គាល់សេវាកម្ម និងការលះបង់​​ដ៏​អស្ចារ្យ​​មិនគួរ​ឱ្យ​ជឿរបស់អ្នក។ យើងទន្ទឹងរង់ចាំ​ក្នុងការបន្តសហកាជាមួយអ្នក​នៅក្នុងការ​បម្រើ​សេវាកម្មទៅកាន់ទីក្រុង​ឡុងប៊ិច​ដ៏អស្ចារ្យរបស់យើង។ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣”។

សូម​ជម្រាប​ថា កាល​ព្រឹកថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បាន​អញ្ជើញចូលរួមក្នុងជំនួបពិភាក្សា​ជាមួយមន្ត្រីកំពង់ផែឡុងប៊ិច ដើម្បីស្វែងយល់អំពីដំណើរការនិងប្រតិបត្តិការកំពង់ផែនេះ និងសិក្សាលទ្ធភាពធ្វើ​សហប្រតិបត្តិការជាមួយវិស័យឯកជនកម្ពុជា។

បន្ថែម​ពី​នេះ នៅ​ល្ងាច​​ថ្ងៃ​ដដែល​ អ្នកឧកញ៉ា លឹម ហេង​ ក៏​​បាន​អញ្ជើញចូលរួមពិធីជប់លៀង​ស្វាគមន៍សម្រាប់ការ​រៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នៅទីក្រុងឡុងប៊ិច និងជំនួបពាណិជ្ជកម្មជាមួយធុរជនអាមេរិក ដែលមាន​ចំណាប់​អារម្មណ៍លើទីផ្សារកម្ពុជា​ផងដែរ៕