ក្រុមហ៊ុន Sony បង្ហាញពីការថមថយនៃប្រាក់ចំណេញ នៅអំឡុងខែមេសា ដល់ខែកញ្ញា

អន្តរជាតិ

កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិក Sony Group បានរាយការណ៍ពីការធ្លាក់ចុះ នៃប្រាក់ចំណេញសុទ្ធរបស់ខ្លួនចំនួន ២៣,១% ដោយបានធ្លាក់ចុះប្រាក់ចំណេញមកនៅត្រឹម ៤១៧,៦ ពាន់លានយ៉េន (២,៧៦ ពាន់លានដុល្លារ)។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Anadolu ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចាប់ពីខែមេសាដល់ខែកញ្ញា ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនមានចំនួន ២,៧៦ ពាន់លានដុល្លារ ដោយធ្លាក់ចុះ ២៣,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ស្របពេលដែលប្រាក់ចំណូលបានមកពីការលក់កើនឡើង ១៩,៣% ឬគិតជាទឹកប្រាក់ប្រមាណ ៥,៧៩ ពាន់ពាន់លានយ៉េន (៣៨,៣ ពាន់លានដុល្លារ) ខណៈដែលប្រាក់ចំណេញប្រតិបត្តិការបានធ្លាក់ចុះ ២៩,៧% ស្មើរនឹង ៥១៦ ពាន់លានយ៉េន (៣,៤ ពាន់លានដុល្លារ)។

លើសពីនោះ ក្រុមហ៊ុនយក្សជប៉ុនមួយនេះ ក៏បានកំណត់គោលដៅលក់ម៉ាស៊ីនហ្គេម PlayStation 5 ឲ្យបានចំនួន ២៥ លានគ្រឿងប្រចាំឆ្នាំ ខណៈក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ ក្រុមហ៊ុនបានសម្រេចការលក់ប្រមាណ ៨,២ លានម៉ាស៊ីន ឬប្រហែលមួយភាគបីនៃគោលដៅពេញមួយឆ្នាំ។

យ៉ាងណា ប្រធានក្រុមហ៊ុន Sony លោក Hiroki Totoki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គោលដៅចំនួន ២៥ លានគ្រឿង គឺជាមហិច្ឆតា ហើយវាមិនអាចសម្រេចបានដោយងាយស្រួលនោះទេ។ បន្ថែមពីនោះ លោកបានសង្កត់ធ្ងន់ថា រដូវវិស្សមកាលនៅអំឡុងខែវិច្ឆិកា និងខែធ្នូខាងមុខ គឺជាគន្លឹះសំខាន់ឈានទៅរកគោលដៅលក់ប្រចាំឆ្នាំ៕