រដ្ឋាភិបាលថៃ គ្រោងខ្ចីបំណុល ១៥ពាន់លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ផែនការចែកលុយឌីជីថល

អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin កាលពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងទៅ បាននិយាយថា រដ្ឋាភិបាល មានគម្រោងស្វែងរកប្រាក់កម្ចីចំនួន ៥០០ពាន់លានបាត (១៤ពាន់លានដុល្លារ) ដើម្បីយកទៅផ្តល់ហិរញ្ញប្បទាន សម្រាប់ផែនការចែកលុយឌីជីថល របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Srettha បាននិយាយថា ផែនការក្នុងការចែកលុយឌីជីថលនេះ គឺនឹងត្រូវផ្តល់ជូនប្រជាជនថៃ ដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ក្នុងម្នាក់ៗចំនួន ១០ ០០០បាត និងត្រូវតែជាអ្នកដែលអាចរកប្រាក់ចំណូលបានតិចជាង ៧០ ០០០បាត ឬជិត ២ ០០០ដុល្លារ ក្នុងមួយខែ ហើយនិងមានប្រាក់បញ្ញើនៅធនាគារក្រោម ៥សែនបាត។

លោកនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា សេដ្ឋកិច្ចថៃ នាពេលបច្ចុប្បន្នត្រូវការការជំរុញដ៏សំខាន់មួយ ដោយសារតែផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស បានកើនឡើងជាមធ្យមត្រឹមតែ ១,៩% ក្នុងមួយឆ្នាំ អស់រយ:ពេលមួយទសវត្សរ៍កន្លងមកនេះ ហើយចំណែកឯបំណុលគ្រួសារវិញ បានកើនឡើងពី ៧៦% ក្នុងឆ្នាំ ២០១២ ដល់ ៩១,៦% នៅឆ្នាំនេះ។

ជុំវិញបញ្ហានេះហើយ ទើបរដ្ឋាភិបាលថៃ មានបំណងក្នុងការចាក់បញ្ចូលទឹកប្រាក់ចំនួន ៥០០ពាន់លានបាត ចូលទៅក្នុងចរន្តសេដ្ឋកិច្ចរួម ក៏ដូចជាទឹកប្រាក់ប្រមាណ ៥០០ពាន់លានបាត ផ្សេងទៀត តាមរយ:គម្រោងចែកលុយឌីជីថល ដើម្បីបង្កើនសក្កានុពលសេដ្ឋកិច្ចរបស់ប្រទេស។

ជម្រាបជូនផងដែរថា ចំពោះគោលនយោបាយចែកលុយឌីជីថលនេះ គឺមានគោលបំណងសំខាន់ ក្នុងការចាក់បញ្ចូលលំហូរសាច់ប្រាក់ ទៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ដើម្បីជំរុញដល់ការចំណាយ អំឡុងពេលផែនការនេះដាក់ឱ្យដំណើរការ នៅក្នុងខែឧសភា ឆ្នាំ ២០២៤ ខាងមុខ៕