កំពង់ផែអូស្ត្រាលី បើកដំណើរការឡើងវិញ ក្រោយពីរងការវាយតាមប្រព័ន្ធអ៊ីនធើណិត

អន្តរជាតិ

ក្រុមហ៊ុន DP World ដែលគ្រប់គ្រងប្រមាណ ៤០% នៃពាណិជ្ជកម្មដឹកទំនិញសរុបរបស់ប្រទេសអូស្រ្តាលី បាននិយាយនៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកានេះថា កំពង់ផែសំខាន់ៗរបស់ខ្លួននៅទូទាំងប្រទេស បានបើកឡើងដំណើរឡើងវិញហើយ បន្ទាប់ពីក្រុមហ៊ុនត្រូវបានរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន DP World បានធ្វើការកាត់ផ្តាច់ទំនាក់ទំនងរបស់ខ្លួនពីប្រព័ន្ធអ៊ីនធើណិតទាំងស្រុង នៅពេលដែលការវាយប្រហារដ៏ធំមួយត្រូវបានរកឃើញ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ដោយរារាំងរថយន្តដឹកទំនិញមិនឲ្យធ្វើប្រតិបត្តិការ ទាំងនៅកំពង់ផែក្នុងទីក្រុងស៊ីដនី មែលប៊ន ប្រ៊ីសបេន និងហ្វ្រេមែនថល ។

យ៉ាងណាក៏ដោយ បន្ទាប់ពីមានការដោះស្រាយដោយជោគជ័យ នៅថ្ងៃចន្ទនេះ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ ” ​DP World Australia មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសថាប្រតិបត្តិការរបស់យើងបានបន្តឡើងវិញ ក្នុងកំពង់ផែរបស់ក្រុមហ៊ុន នៅទូទាំងប្រទេសអូស្ត្រាលី” ។

DP World ក៏បានបញ្ជាក់ទៀតថា ខ្លួនបានដាក់សាកល្បងប្រព័ន្ធការពារសុវត្ថិភាពថ្មី ដោយជោគជ័យ មុនពេលបើកដំណើរការឡើងវិញ។ ហើយរំពឹងថា​ទូ​កុងតឺន័រចំនួន ៥ ០០០ នឹងត្រូវដឹកចេញពីស្ថានីយទាំង៤ ក្នុងពេលត្រឹមមួយថ្ងៃ ដើម្បី​បញ្ចៀស​បញ្ហាកកស្ទះ៕