Tesla គ្រោងបង្កើនការនាំចូលគ្រឿងបង្គុំរថយន្តទ្វេដង ពីប្រទេសឥណ្ឌា

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តលំដាប់ពិភពលោក Tesla Inc មានបំណងបង្កើនការនាំចូល​គ្រឿងបង្គុំរថយន្ត ពីប្រទេសឥណ្ឌាទ្វេដង។ នេះបើតាមការបង្ហោះសារ របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Piyush Goyal នៅលើបណ្ដាញសង្គម X។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Goyal បានសរសេរលើបណ្ដាញសង្គមថា៖ ខ្ញុំពិតជាមានមោទនភាពណាស់ ចំពោះការរីកដុះដាលនៃការផ្គត់ផ្គង់សម្ភារៈ​រថយន្ត​របស់ឥណ្ឌា ទៅកាន់ក្រុមហ៊ុន Tesla ខណៈបច្ចុប្បន្នពួកគេកំពុង​ចង់បង្កើនការនាំចូល​គ្រឿងបង្គុំរថយន្ត​ទ្វេដង ពីប្រទេសឥណ្ឌា។

គួររំលឹកបន្តិចថា កាលពីខែកញ្ញា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា ធ្លាប់បានលើកឡើងថា Tesla មានគម្រោងចាយលុយចន្លោះពី ១,៧ ទៅ ១,៩ពាន់លានដុល្លារ ទៅលើការនាំចូលគ្រឿងបង្គុំ​ពីប្រទេសឥណ្ឌានាឆ្នាំនេះ ខណៈកាលពីឆ្នាំទៅ ពួកគេចាយត្រឹមតែ ១ពាន់លានដុល្លារប៉ុណ្ណោះ។

សូមជម្រាបបន្ថែមថា កាលពីសប្ដាហ៍មុន សារព័ត៌មាន Reuters ធ្លាប់បានចុះផ្សាយថា លោក Goyal បានបំពេញទស្សនកិច្ចទៅអាមេរិក ក្នុងគោលបំណងពិភាក្សាជាមួយ​មហាសេដ្ឋី Elon Musk ជុំវិញផែនការបង្កើតរោងចក្រនៅប្រទេសឥណ្ឌា ដែលអាចផលិតរថយន្ត​ក្នុងតម្លៃ ២៤ ០០០ដុល្លារបាន ប៉ុន្តែគួរឲ្យសោកស្ដាយ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌារូបនេះ មិនបានជួបសំណេះសំណាលជាមួយមេធំក្រុមហ៊ុន Tesla នោះឡើយ៕