បាត់មុខពីឆាកនយោបាយ ៧ឆ្នាំ អតីតនាយករដ្ឋមន្ត្រីអង់គ្លេសមួយរូប ទទួលបានតំណែងជារដ្ឋមន្ត្រីការបរទេសថ្មី

អន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានប្រកាសតែងតាំង លោក David Cameron ដែលជាអតីតនាយករដ្ឋមន្ត្រីអង់គ្លេស មកកាន់តំណែងជារដ្ឋមន្ត្រីការបរទេសថ្មី នៅក្នុងការរុះរើគណ:រដ្ឋមន្ត្រីជាលើកដំបូង ចាប់តាំងពីលោកបានចូលកាន់តំណែងកាលពីខែតុលា ឆ្នាំ២០២២ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Sunak បានសម្រេចចិត្តនាំយកអតីតនាយករដ្ឋមន្ត្រី លោក Cameron មកកាន់តំណែងនៅក្នុងជួររដ្ឋាភិបាលវិញ បន្ទាប់ពីលោកបានអវត្តមានពីឆាកនយោបាយអស់រយ:ពេល ៧ ឆ្នាំ។

ជុំវិញការរុះរើគណ:រដ្ឋមន្ត្រីដ៏គួរឱ្យភ្ញាក់ផ្អើលនេះ គឺត្រូវបានកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Suella Braverman ត្រូវបានបណ្តេញចេញពីតំណែង កាលពីព្រឹកថ្ងៃចន្ទ បន្ទាប់ពីលោកស្រី បានធ្វើការចោទប្រកាន់ចំពោះអត្ថបទដែលចុះផ្សាយថា ប៉ូលីសអង់គ្លេស មានស្តង់ដារចំនួនពីរ ដោយពួកគេមានភាពតឹងរ៉ឹងខ្លាំងលើបាតុករស្តាំនិយម ប៉ុន្តែផ្តល់ភាពងាយស្រួលចំពោះបាតុករគាំទ្រប៉ាឡេស្ទីន។

ចំពោះការលើកឡើងរបស់លោកស្រី Suella បែបនេះ បានធ្វើឱ្យគណបក្សប្រឆាំងធំបំផុត Labour Party យល់ថាលោកស្រីមានចេតនាបញ្ឆេះកំហឹង ហើយធ្វើឲ្យកាន់តែមានភាពតានតឹងខ្លាំងឡើង រវាងក្រុមបាតុករគាំទ្រប៉ាឡេស្ទីន និងបាតុករស្តាំនិយមកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនកន្លងទៅ នៅពេលដែលមនុស្សជិត ១៥០ នាក់ត្រូវបានចាប់ខ្លួន។

បើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុក Downing Street បានបញ្ជាក់ថា លោក James Cleverly ដែលជាអតីតរដ្ឋមន្ត្រីការបរទេស នឹងត្រូវចូលកាន់តំណែងបន្តពីលោកស្រី Braverman ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំនួសវិញ៕