ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយកាលពីថ្ងៃចន្ទកន្លងទៅថា ក្រុមមន្ត្រីរបស់សហភាពអឺរ៉ុប កំពុងរៀបចំបញ្ចប់ព័ត៌មានលម្អិតចុងក្រោយ នៃកញ្ចប់ទណ្ឌកម្មទី១២ ទៅលើប្រទេសរុស្ស៊ី ដែលនឹងរួមបញ្ចូលទាំងការហាមឃាត់ចំពោះការនាំចេញត្បូងពេជ្រ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
លោក Borrell បាននិយាយទៀតថា គណ:កម្មការអឺរ៉ុប រំពឹងថាអាចនឹងធ្វើការអនុម័តលើកញ្ចប់ទណ្ឌកម្មថ្មីនេះ នៅថ្ងៃពុធខាងមុខ នៅពេលក្រុមប្រឹក្សាសហភាពអឺរ៉ុប ដែលរួមមានប្រទេសសមាជិកទាំង២៧ របស់ប្លុក នឹងធ្វើការពិភាក្សា និងអនុម័ត។
គួរឱ្យដឹងថា ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ មក សហភាពអឺរ៉ុប បានអនុវត្តកញ្ចប់ទណ្ឌកម្មទី១១ រួចមកហើយ ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងម៉ូស្គូ ដើម្បីកាត់បន្ថយសមត្ថភាពរបស់វិមានក្រឹមឡាំង ក្នុងការផ្តល់ហិរញ្ញប្បទានដល់សង្គ្រាម។ ហើយចំពោះវិធានការនេះ មានវិសាលភាពនៅទូទាំងវិស័យ រួមទាំងបុគ្គល និងអង្គភាពប្រមាណ ១ ៨០០។
ជម្រាបជូនផងដែរថា ចំពោះកញ្ចប់ទណ្ឌកម្មទី១២ នេះនឹងរួមបញ្ចូលទាំងការហាមឃាត់លើការនាំចេញប្រភេទទំនិញថ្មី ដោយក្នុងនោះរួមមានទាំងត្បូងពេជ្រ ក៏ដូចជាការរឹតបន្តឹងលើតម្លៃប្រេង ដើម្បីកាត់បន្ថយប្រាក់ចំណូលដែលរុស្ស៊ីកំពុងទទួលបានពីការលក់ប្រេងរបស់ពួកគេ ផងដែរ៕