កាលពីថ្ងៃចន្ទ រដ្ឋាភិបាលនេប៉ាល់ បានសម្រេចចិត្តហាមឃាត់ការប្រើប្រាស់ កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយម TikTok ដោយសារតែវាកំពុងបង្កជាការរំខាន ដល់សុខុមាលភាពសង្គមនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress ។
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មាន អ្នកស្រី Rekha Sharma បាននិយាយថា៖ ការសម្រេចចិត្តហាមឃាត់ត្រូវបានធ្វើឡើងភ្លាមៗ ហើយអាជ្ញាធរពាក់ព័ន្ធទាំងអស់ កំពុងធ្វើការដោះស្រាយលើបញ្ហាបច្ចេកទេស។
អ្នកស្រី Sharma បាននិយាយថា ការហាមឃាត់នេះត្រូវបានធ្វើឡើងដោយសារតែក្រុមហ៊ុន TikTok ត្រូវបានគេប្រើប្រាស់ជាប្រចាំ ដើម្បីចែករំលែកមាតិកា ដែលរំខានដល់សុខុមាលភាពសង្គម រំខានដល់រចនាសម្ព័ន្ធគ្រួសារ និងទំនាក់ទំនងសង្គម។
ដោយឡែក ការសម្រេចចិត្តនេះកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលបានចេញសេចក្តីណែនាំ ឱ្យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសនេប៉ាល់ទាំងអស់ បង្កើតការិយាល័យទំនាក់ទំនងនៅក្នុងប្រទេស ដោយតម្រូវឲ្យមានការបង់ពន្ធ ក៏ដូចជាគោរពតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសផងដែរ៕