ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY គ្រោងនឹងបោះពុម្ភសៀវភៅនិយាយពីជីវិតតស៊ូផ្ទាល់ខ្លួន មានចំណងជើងថា «គ្រឹះជីវិតនៃឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» នៅខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ លោកឧកញ៉ា បានឱ្យដឹងថា សៀវភៅមួយក្បាលនេះជាការឆ្លៀតពេលខិតខំសរសេរពីបទពិសោធន៍ជីវិតរបស់លោក ហើយលោកធ្វើឡើងមិនមែនដើម្បីប្រាក់ចំណេញនោះទេ តែដើម្បីចែករំលែកឱ្យសាធារណៈជនបានសិក្សាស្វែងយល់ជាប្រយោជន៍។
លោកឧកញ៉ាបណ្ឌិត បានលើកឡើងលើទំព័រហ្វេសប៊ុក កាលពីរសៀលថ្ងៃអង្គារម្សិលមិញថា ឪពុកម្តាយរបស់លោកជាអតីតកសិករស្រុកក្រូចឆ្មារ ហើយលោកក៏ជាអតីតកូនកសិករស្រុកក្រូចឆ្មារ។ លោកបន្តថា ជីវិតជាកសិករមិនងាយស្រួលទេ ធ្វើចម្ការថ្នាំ ឆ្នាំខ្លះចំណេញ ឆ្នាំខ្លះខាត ពេលខ្លះឈ្មួញកណ្តាលប្រើតិចនិចទម្លាក់តម្លៃ រហូតឪពុកម្តាយរបស់លោកខាតអស់ទាំងដើមក៏មាន។ ចំណែកលោកវិញ ចង់សិក្សារៀនសូត្រ តែនៅពេលនោះ សូម្បីប្រាក់រៀនគួរនៅអនុវិទ្យាល័យ និងវិទ្យាល័យមិនគ្រប់ផង ត្រដាប់ត្រដួសគ្រប់ពេល។ ជាសំណាងល្អបានចេះភាសាអង់គ្លេសខ្លះៗ បានបកប្រែ បានលុយខ្លះៗ រហូតបានបន្តការសិក្សានៅសាកលវិទ្យាល័យ។
លោកឧកញ៉ា បានបន្ថែមដូច្នេះថា៖ “ជីវិតពិតជាមិនស្រួលទេ តែភាពលំបាកបានបង្រៀនខ្ញុំឱ្យរឹងមាំដោយខ្លួនឯង ចេះរកលុយដោយខ្លួនឯង ហើយបន្តការងារអាជីពក្នុងវិស័យអចលនវត្ថុ ពី ០ដុល្លារ មកដល់បច្ចុប្បន្ន។ ទោះមិនមែនជាសេដ្ឋីពាន់លាន តែខ្ញុំពេញចិត្តនឹងអ្វីដែលខ្ញុំមាន។ ដូច្នេះឆ្លៀតពេលខំសរសេរសៀវភៅ ចែករំលែកជូនបងប្អូនអំពីគ្រឹះនៃជីវិតរបស់ខ្ញុំ ដើម្បីស្វែងយល់ ក្រែងអាចបានជាប្រយោជន៍ដល់បងប្អូន។ បោះពុម្ភសៀវភៅនេះ មិនមែនដើម្បីចំណេញជាប្រាក់ទេ តែដោយមានបេះដូងចែករំលែក”។
សូមជម្រាបថា សៀវភៅ «គ្រឹះជីវិតនៃឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» មានកម្រាស់ជាង ២០០ទំព័រ។ ខ្លឹមសារសៀវភៅរៀបរាប់ពីជីវិតតស៊ូ ការកសាងសមត្ថភាព ផែនការអាជីវកម្ម ប្រមូលផ្តុំទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ពិសេសយុទ្ធសាស្ត្រក្នុងការធ្វើជំនួញក្នុងវិស័យអចលនទ្រព្យ។
លោកឧកញ៉ា សំ សុខនឿន ធ្លាប់បានគូសបញ្ជាក់ផងដែរថា អត្ថន័យក្នុងសៀវភៅ ដែលត្រូវបានសម្រិតសម្រាំងនេះ គឺផ្អែកទាំងស្រុងលើការពិត និងការអនុវត្តជាក់ស្ដែងនាពេលកន្លងមក និងបានចំណាយពេលដ៏មមាញឹកពីការធ្វើជំនួញសរសេរសៀវភៅនេះឡើងជិតមួយឆ្នាំ ទុកគ្រាន់ជាស្នាដៃ និងបទពិសោធន៍ សម្រាប់យុវជនជំនាន់ក្រោយឈ្វេងយល់ក្នុងវិថីជំនួញអចលនទ្រព្យឱ្យទទួលបានភាពជោគជ័យ ពិសេសដើម្បីលើកកម្ពស់ការអាននៅក្នុងប្រទេសកម្ពុជាផងដែរ៕