ទម្រាំអាចក្លាយជាមហាសេដ្ឋីដ៏មានឥទ្ធិពលមួយរូបដូចសព្វថ្ងៃ Mark Zuckerberg ធ្លាប់បានលះបង់ឱកាសបញ្ចប់ថ្នាក់សិក្សាកម្រិតបរិញ្ញាបត្រនៅសកលវិទ្យាល័យ Harvard ដោយរូបលោកប្រថុយតាមចាប់ក្ដីស្រមៃ បង្កើតកម្មវិធី Facebook ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់។
យោងតាមការចុះផ្សាយពីសារព័ត៌មានអន្តរជាតិធំៗជាច្រើនសុទ្ធតែរាយការណ៍ថា Mark Zuckerberg គឺជាមនុស្សឆ្លាត មានដុងពីកំណើតជាមួយវិស័យបច្ចេកវិទ្យា ដោយរូបលោកបានចូលរៀននៅសកលវិទ្យាល័យកំពូល Harvard ក្នុងមុខជំនាញចិត្តវិទ្យា តែក្រោយមកប្ដូរទៅជំនាញវិទ្យាសាស្ត្រកុំព្យូទ័រវិញ។
ប៉ុន្តែទើបតែចាប់ផ្ដើមរៀនឆ្នាំដំបូង លោកក៏សម្រេចចិត្តបោះបង់ការសិក្សា ក្រោមហេតុផលចង់ផ្ដោតអារម្មណ៍ លើការបង្កើតបណ្ដាញសង្គម Facebook ដែលសព្វថ្ងៃបានប្ដូរឈ្មោះជា Meta និងទទួលបានជោគជ័យធំធេង នឹកស្មានមិនដល់។
បច្ចុប្បន្ន Mark Zuckerberg មានទ្រព្យសម្បត្តិប្រមាណ ១១៦,៦ពាន់លានដុល្លារ និងជាបុគ្គលមានទ្រព្យច្រើនបំផុតទី០៦ លើពិភពលោក ខណៈកាលពីឆ្នាំ២០១៧ សកលវិទ្យាល័យ Harvard ក៏បានប្រគល់សញ្ញាបត្រកិត្តិយស ជូនស្ថាបនិក Facebook ផងដែរ។
សូមជម្រាបដែរថា មិនមែនមានតែ Mark ឡើយ ដែលបោះបង់ការសិក្សា ហើយទទួលបានជោគជ័យ តួយ៉ាងមហាសេដ្ឋីកំពូលៗដូចជា Bill Gates និង Steve jobs សុទ្ធតែឆ្លងកាត់រឿងរ៉ាវដូចគ្នា ដែលវាបញ្ជាក់ថា កម្រិតនៃការសិក្សា មិនអាចកំណត់ជោគវាសនារបស់មនុស្សម្នាក់ឡើយ ប៉ុន្តែការតាំងចិត្ត និងដាក់គោលដៅឲ្យបានច្បាស់លាស់ ហើយរៀបផែនការត្រឹមត្រូវ ដើម្បីសម្រេចវា ទើបជាសញ្ញានៃការឆ្ពោះទៅរកភាពជោគជ័យបាន៕