អារ៉ាប៊ីសាអ៊ូឌីត ចង់ពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យប្រេងថាមពលនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជា បានគោលបំណងក្នុងការធ្វើកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យមួយចំនួនដូចជា ប្រេង ថាមពល និងវិស័យអាទិភាពសំខាន់ៗមួយចំនួនទៀតជាមួយកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងបែបនេះ បានធ្វើឡើងតាមរយៈជំនួបសម្ដែងការគួរសមរវាង ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជា និងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាឱកាសនោះ លោក Mohammed Ismaeil A.Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីត ប្រចាំកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានាឱកាសនេះគឺដើម្បីរិតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាចូលរួមអបអរសាទររាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មី ខណៈទូតក៏មានការប្តេជ្ញាខ្ពស់ដើម្បីពន្លឿនការអភិវឌ្ឍប្រទេស និងគាំទ្រដល់វិស័យវិនិយោគនៅកម្ពុជា។

លោកឯកអគ្គរាជទូត បានជម្រាបបន្ថែមថា៖« អារ៉ាប៊ីសាអ៊ូឌីត មានគោលបំណងក្នុងការធ្វើកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យមួយចំនួនដូចជា ប្រេង ថាមពល កសិកម្ម ចំណីអាហារ អាហារហាឡាល់ ការផ្តល់ហិរញ្ញវត្ថុ វិស័យកីឡា និងទេសចរណ៍ជាមួយកម្ពុជាជាដើម»។

ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងសារទរចំពោះការលើកឡើងនេះ ព្រមទាំងបានជម្រាបជូនអំពីការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាអ្នកសម្របសម្រួលការវិនិយោគនៅប្រទេសកម្ពុជា។

លោកបន្តថា៖« ហើយក្រៅពីវិស័យនានាដែលលោកឯកអគ្គរាជទូតបានលើកឡើង កម្ពុជាក៏អាចផ្ដល់កិច្ចសហការលើវិស័យមួយចំនួនទៀតដូចជា វិស័យឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ជាដើម ដោយក្នុងនោះប្រទេសទាំងពីរអាចពិនិត្យលទ្ធភាពជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចវិនិយោគទៅវិញទៅមកដើម្បីទាក់ទាញ និងជួយឱ្យវិនិយោគិននៃប្រទេសទាំងពីរចាប់ដៃគ្នាធ្វើអាជីវកម្មផងដែរ»។

សូមជម្រាបជូនដែរថា កម្ពុជា-អារ៉ាប៊ីសាអូឌីត សម្រេចបានពាណិជ្ជកម្មទ្វេភាគីក្នុងទំហំទឹកប្រាក់ ២៦លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើងជិត៤០% បើធៀបនឹងឆ្នាំ២០២០ (មានត្រឹមតែ១៩លានដុល្លារ) ខណៈដែលពាណិជ្ជកម្មទ្វេភាគីមានទំហំ ១៥.៦លានដុល្លារ ក្នុងឆ្នាំ២០១៩ និង ១៦លានដុល្លារ ក្នុងឆ្នាំ២០១៨។ នេះបើតាម ក្រសួងពាណិជ្ជកម្មកម្ពុជាធ្លាប់បានឱ្យដឹងកាលពីពេលកន្លងទៅ៕ អត្ថបទ៖​រង្សី