ក្រុមហ៊ុនខ្នាតយក្សថៃ Central Group ក្លាយជាម្ចាស់គ្រប់គ្រងហាងលក់ទំនិញប្រណីត Selfridges នៅអង់គ្លេស

អន្តរជាតិ

កាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ក្រុមហ៊ុនគ្រប់គ្រងហាងលក់ទំនិញធំបំផុតរបស់ប្រទេសថៃ Central Group បានក្លាយជាអ្នកកាន់កាប់ផ្តាច់មុខ ទៅលើហាងលក់ទំនិញប្រណីត Selfridges នៅក្នុងប្រទេសអង់គ្លេស បន្ទាប់ពីដៃគូវិនិយោគរបស់ខ្លួន កំពុងប្រឈមមុខនឹងការបោះបង់សិទ្ធិគ្រប់គ្រង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសនេះ ត្រូវបានធ្វើឡើង នៅពេលដែលសហម្ចាស់ Selfridges គឺក្រុមហ៊ុនរបស់អូទ្រីស Signa Group ដែលកាន់កាប់ដោយមហាសេដ្ឋី Rene Benko កំពុងប្រឈមមុខជាមួយនឹងវិបត្តិអចលនទ្រព្យនៅអឺរ៉ុប។

ជុំវិញបញ្ហានេះ លោក Benko នៅក្នុងខែនេះ បានសម្រេចចិត្តបោះបង់សិទ្ធិគ្រប់គ្រងរបស់ក្រុមហ៊ុន Signa ទៅឱ្យអ្នកជំនាញដើម្បីធ្វើការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដែលនេះមានន័យថាក្រុមហ៊ុន Central Group ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីថៃ គឺក្រុមគ្រួសារ Chirativat នឹងជាអ្នកកាន់កាប់ហាង Selfridges ជំនួសវិញ។

គួរឱ្យដឹងថា ក្រុមហ៊ុនCentral Group និងក្រុមហ៊ុនអចលនទ្រព្យ Signa Group របស់លោក Benko បានទិញយកហាង Selfridges ក្នុងឆ្នាំ២០២១ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ទៅ ៥ពាន់លានដុល្លារ។

ជម្រាបជូនថា Selfridges ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩០៨ ដោយលោក Harry Gordon Selfridge ហើយត្រូវបានគេស្គាល់ថាជាហាងលក់ទំនិញប្រណីតបំផុត នៅ Oxford Street ក្នុងទីក្រុងឡុងដ៍៕