លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ ចង់ឃើញជ័យលាភីប្រកួតប្រជែងក្នុងកម្មវិធីប្រកួតពានរង្វាន់សហគ្រិនថ្នាក់ជាតិរបស់កម្ពុជា អាចពង្រីកវិសាលភាពប្រកួតប្រជែងរបស់ខ្លួនដល់កម្រិតតំបន់។ ការថ្លែងយ៉ាងដូចនេះ ក្នុងពិធីបិទការប្រកួតពានរង្វាន់សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២៣ កាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក ហេង សួរ គូសបញ្ជាក់ថា៖ «ខ្ញុំចង់ឱ្យកម្មវិធីសហគ្រិននេះធំជាងមុន និងមានការប្រកួតប្រជែងដល់កម្រិតថ្នាក់តំបន់ ហើយព្រឹត្តិការណ៍នៃការប្រកួតប្រជែងនេះ ត្រូវបានសង្គម និងរាជរដ្ឋាភិបាលទទួលស្គាល់»។
សម្រាប់លោករដ្ឋមន្ត្រី ការឈានឡើដល់កម្រិតអន្តរជាតិ គឺជាការបង្ហាញពីសក្តានុពលនៃសហគ្រិនកម្ពុជាក្នុងកម្រិតតំបន់ដែលជាការពង្រីកសមត្ថភាព និងដកស្រង់បទពិសោធន៍បន្ថែមព្រោះសហគ្រិនកម្ពុជាក៏មានសមត្ថភាពគួរឱ្យកត់សម្គាល់ផងដែរ។ បន្ថែមពីនេះ ការបង្កើនទំហំនៃការផ្តល់ពានរង្វាន់ដល់ជ័យលាភី ក៏ជាចំណុចដែលនឹងបង្កើនការទាក់ទាញបេក្ខភាពចូលរួមការប្រកួតប្រជែង។
សូមបញ្ជាក់ថា ការប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣នេះ មានជ័យលាភីចំនួន៤រូប ដែលមានគោលបំណងពង្រឹង និងពង្រីកភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន និងទំនួលខុសត្រូវសង្គមតាមរយៈការកសាងអនាគតសហគ្រិននៅកម្ពុជា៕