សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការបង្កើតព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ មិនធ្វើចេញតែរូបភាពទេ តែធ្វើយ៉ាងណាឱ្យព្រលាននេះ ក្លាយជាចលករលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចកម្ពុជាផងដែរ។ការថ្លែងបែបនេះ របស់សម្តេចធិបតី នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានសៀមរាបអង្គរ តម្លៃប្រមាណ ១,១០០លានដុល្លារ នៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ សម្តេចធិបតី មានប្រសាសន៍ថា គោលបំណងនៃការបង្កើតព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ មិនមែនធ្វើចេញតែរូបភាព ហើយជាមោទនភាពដែលមានព្រលានយន្តហោះខ្នាតអន្តរជាតិនោះទេ ប៉ុន្តែភារកិច្ចរបស់រាជរដ្ឋាភិបាលគឺត្រូវធ្វើម៉េចឱ្យព្រលាននេះដំណើរការ ហើយសម្រេចបាននូវគោលដៅ និងធ្វើយ៉ាងណាឱ្យព្រលាននេះក្លាយជាចលករមួយសម្រាប់ជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញសេដ្ឋកិច្ចកម្ពុជាផងដែរ។
សម្តេចធិបតី បន្តថា ជាគោលការណ៍ដើម្បីធ្វើឱ្យព្រលានយន្តហោះនេះ ដើរឱ្យបានល្អ កិច្ចការដែលត្រូវធ្វើនោះការយកចិត្តទុកដាក់បន្ថែម ដោយរួមមាន ការរៀបចំការគ្រប់គ្រងឱ្យបានល្អ ធានាធ្វើយ៉ាងណាផ្តល់សេវាគ្រប់ប្រភេទ គ្រប់ជ្រុងជ្រោយ នៅក្នុងព្រលាននេះមានដំណើរការទៅដោយរលូន ត្រូវធ្វើយ៉ាងណាឱ្យការងារទាំងអស់រួមទាំងការងារបដិសណ្ឋារកិច្ច ការងារផ្តល់សេវាផ្សេងៗទាំងសេវានៅខាងក្រៅ និងខាងក្នុងព្រលាន។លើសពីនេះ ធ្វើយ៉ាងណាឱ្យទីនេះជាកន្លែងមួយដែលអ្នកដំណើរឆ្លងកាត់មានអនុស្សាវរីយ៍ល្អ ហើយជាព្រលានយន្តហោះមួយដែលផ្តល់សេវា និងភាពកក់ក្តៅ និងធានាការរៀបចំចាត់ចែងឱ្យបានល្អ។
បន្ថែមទៀតនោះ គឺការពង្រឹងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីក្រុងសៀមរាបមកដល់ព្រលានយន្តហោះ។ក្នុងន័យនេះ គឺពង្រីកផ្លូវជាតិលេខ៦ ពីចំណុចផ្លូវប្រសព្វ រហូតដល់ទីរួមខេត្ត, ការធ្វើរថភ្លើងធុនស្រាល ដើម្បីសម្រួលដល់ការធ្វើដំណើរតាមរថយន្ត,ពង្រីកការតភ្ជាប់ពីខេត្តសៀមរាបទៅកាន់ពិភពលោករួមមានការភ្ជាប់ជើងហោះត្រង់ពីប្រទេសសំខាន់ៗមកខេត្តសៀមរាប, ការពង្រីកវិសាលភាពប័ណ្ណព្រំដែន ,និងការរៀបចំពង្រឹងនូវព្រឹត្តិការណ៍ផ្សេងៗ នៅខេត្តសៀមរាបជាដើម។
សម្តេចធិបតី បានបន្ថែមទៀតថា យើងមិនអាចធ្វើទាំងអស់ក្នុងពេលតែមួយបានទេ តែផែនការជាក់លាក់ក្នុងការពង្រីកការតភ្ជាប់នេះពិតជាសំខាន់ណាស់ គឺធ្វើយ៉ាងណាកាត់បន្ថយការចំណាយ ពេលវេលាក្នុងការធ្វើដំណើរពីក្រុងមកដល់ព្រលានយន្តហោះ និងត្រូវរៀបចំផែនការ និងទាញអត្ថប្រយោជន៍ពីព្រលានថ្មីនេះ សម្រាប់ដល់ប្រជាពលរដ្ឋ។ព្រលាននេះ អាទិភាពសំខាន់សម្រាប់អ្នកនៅមូលដ្ឋាននៅក្នុងខេត្តផ្ទាល់តាមរយៈការបង្កើតការងារផ្សេងៗ ជាពិសេសបង្កលក្ខណៈឱ្យកន្លែងនេះទៅជាចលករមួយជំរុញការអភិវឌ្ឍន៍ផ្សេងៗទៀតនៅតំបន់នេះឱ្យអាចក្លាយជាតំបន់ឧស្សាហកម្ម។
ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់អភិបាល ថ្នាក់ដឹកនាំខេត្ត ស្រុក ឱ្យយកចិត្តទុកដាក់លើការចាប់យកចំណុចខ្លាំងនៅទីនេះ ជំរុញការវិនិយោគ ទេសចរឱ្យច្រើនពីខេត្តយូណាន ប្រទេសចិន មកកាន់ខេត្តសៀមរាប ក៏ដូចជាកម្ពុជា ដើម្បីជំរុញឱ្យការប្រើប្រាស់នូវទេសចរព្រលានថ្មីនេះ ឱ្យអស់សុពលភាព ឱ្យអស់សក្តានុពល ជាពិសេសគឺភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា-ចិន។
សម្តេចធិបតី បានគូសបញ្ជាក់ថា ពិធីសម្ពោធនេះជាមួយនឹងផែនការសកម្មភាពជំរុញខេត្តសៀមរាប ក្នុងកម្មវិធី«ទស្សនាសៀមរាបឆ្នាំ២០២៤»និងផែនការគោលរបស់រាជរដ្ឋាភិបាល សម្តេចធិបតីសង្ឈឹមថាឆ្នាំ២០២៤ ជាឆ្នាំនៃការចាប់ផ្តើមរស់ឡើងវិញនៃវិស័យទេសចរនៅក្នុងខេត្តសៀមរាបផងដែរ៕