រដ្ឋាភិបាលចិន កាលពីពេលថ្មីៗនេះ គ្រោងនឹងផ្តល់ហិរញ្ញប្បទានចំនួន ១ទ្រីលានយ៉ន់ (១៣៧ពាន់លានដុល្លារ) ដើម្បីធ្វើការជួសជុលភូមិក្នុងទីក្រុង និងសាងសង់លំនៅឋានដែលមានតម្លៃសមរម្យ ខណ:នេះជាវិធានការចុងក្រោយមួយ ដើម្បីពង្រឹងទីផ្សារអចលនទ្រព្យនៅក្នុងស្រុកឡើងវិញ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញឱ្យដឹងថា ធនាគារប្រជាជនចិន (PBOC) គ្រោងនឹងធ្វើការចាក់បញ្ចូលមូលនិធិទាំងនេះ ដោយចែកចេញជាដំណាក់កាល តាមរយ:ធនាគារគោលនយោបាយរបស់ខ្លួន ដើម្បីជំរុញឱ្យប្រជាជនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទិញផ្ទះ។
ជុំវិញផែនការនេះផងដែរ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមថ្មី របស់ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ដោយសង្ឃឹមថា វាក្លាយនឹងជាការបោះជំហានដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ដើម្បីទប់ទល់ទៅនឹងការធ្លាក់ចុះនៃអចលនទ្រព្យដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងរយ:ពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ។
ជម្រាបជូនផងដែរថា វិស័យអចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចុះទៅក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយបានវាបានបង្កផលប៉ះពាល់ទៅលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល ក៏ដូចជាធ្វើឱ្យបាត់បង់ទំនុកចិត្តរបស់អតិថិជនផងដែរ ដោយសារតែក្រុមហ៊ុនអភិវឌ្ឍធំៗរបស់ប្រទេសនេះ បានធ្លាក់ចូលទៅក្នុងវិបត្តិបំណុលដោះស្រាយមិនចេញ៕