យោធាមីយ៉ាន់ម៉ា រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ និងអំពាវនាវដល់ប្រជាជនចូលបម្រើកងទ័ព

អន្តរជាតិ

នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា របបយោធាមីយ៉ាន់ម៉ាបានរាយការណ៍ថា ក្រុមពួកបះបោរបានធ្វើការវាយប្រហារយ៉ាងធ្ងន់ធ្ងរ និងបានប្រាប់បុគ្គលិករដ្ឋាភិបាលឱ្យត្រៀមខ្លួននៅក្នុងគ្រាអាសន្ន ខណៈដែលប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ពីការអំពាវនាវឱ្យប្រជាជនត្រៀមខ្លួនដើម្បីបម្រើកងទ័ព។ នេះបើតាមការចុះផ្សាយពីប្រភពសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


អ្នកនាំពាក្យរបស់របបយោធាមីយ៉ានម៉ា លោក Zaw Min Tun បាននិយាយថា យោធាកំពុងប្រឈមមុខនឹងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីទាហានឧទ្ទាមប្រដាប់អាវុធជាច្រើន នៅក្នុងរដ្ឋ Shan ភាគខាងជើងឆៀងខាងកើត ក៏ដូចជារដ្ឋ Kayah នៅភាគខាងកើត និងរដ្ឋ Rakhine នៅភាគខាងលិច។

មួយវិញទៀត លោកបានបន្ថែមថា ទីតាំងយោធាមួយចំនួនត្រូវបានជម្លៀសចេញ ហើយក្រុមបះបោរបាននឹងកំពុងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដើម្បីទម្លាក់គ្រាប់បែករាប់រយគ្រាប់លើទីតាំងយោធា។

ជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយ Khit Thit បានរាយការណ៍ថា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់យោធា (SAC) នៅក្នុងបទបញ្ជាមួយកាលពីថ្ងៃពុធបាននិយាយថា អ្នកដែលធ្លាប់ហ្វឹកហ្វឺនបច្ចេកទេសក្នុងមូលដ្ឋានយោធាទាំងអស់ គួរតែត្រៀមខ្លួនដើម្បីទៅបម្រើក្នុងវិស័យការពារជាតិ។

សូមជម្រាបថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពី ការធ្វើរដ្ឋប្រហារឆ្នាំ ២០២១ មកម្លេះ នៅពេលដែលយោធាបានទម្លាក់រដ្ឋាភិបាលដែលដឹកនាំដោយលោកស្រី Aung San Suu Kyi និងបានធ្វើកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ៕