លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត, លោកជំទាវ ហ៊ុន សេងនី និងលោកជំទាវ ហ៊ុន ប៊ុនធឿន បានអញ្ជើញចូលរួមធ្វើពិធីក្រុងពលីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីធ្វើការជួសជុលប្រាង្គចេតិយ៍ជូនលោកមានគុណទាំងពីរ គឺអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក មាតាបិតាបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន។
ពិធីក្រុងពាលីជួសជុលប្រាង្គចេតិយ៍ដែលមានអាយុកាល២៨ ឆ្នាំនេះធ្វើឡើងនៅថ្ងៃសុក្រ ទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅវត្តព្រះបារមីវង្កតបុរី (វត្ត ទួលក្រសាំង)ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា កាលពីខែតុលាកន្លងទៅ អ្នកឧកញ៉ា ហ៊ុន តូ កូនប្រុសសម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានចូលរួមក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពកិច្ចការងាររបស់វត្តព្រះបារមីវង្កតបុរី ក្នុងនោះក៏បានពិភាក្សាការងារជួសជួលប្រាង្គចេតិយ៍តម្កល់សពអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ជាមួយបណ្ឌិតស្ថាបត្យករ លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
វត្តបារមីវង្កតបុរី គឺជាកេរមតករបស់អ្នកឧកញ៉ា មហាភកី្តសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ។ វត្តនេះបានធ្វើពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា កាលពីខែមេសា ឆ្នាំ២០២៣។
គួររម្លឹកផងដែរថា មហាឧបាសក ហ៊ុន នាង ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានគោរមងារជា អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១១កន្លងទៅ៕