ប្រទេសវៀតណាម កំពុងសំងំវាតទី យកដីនៅតំបន់សមុទ្រចិនខាងត្បូងបន្ថែមប្រមាណ ៣៣០អាក ឬប្រហែល ១៣៣,៥ហិកតា តាំងពីខែធ្នូឆ្នាំមុន មកទល់នឹងពេលនេះ។ នេះបើតាមរបាយការណ៍ស្រាវជ្រាវមួយ ចេញផ្សាយដោយសារព័ត៌មាន Reuters។
ការពង្រីកខ្លួនលើតំបន់កំពុងមានជម្លោះនេះ បានធ្វើឲ្យវៀតណាមក្លាយជាប្រទេសធំបំផុតទី២ បន្ទាប់ពីចិន ដែលមានចំណែកកាន់កាប់ដីនៅសមុទ្រចិនខាងត្បូងច្រើនបំផុត ខណៈចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០២២ វៀតណាមក៏ធ្លាប់ដណ្ដើមបានដីនៅតំបន់នេះប្រហែល ១២០អាកផងដែរ។
ទាក់ទងនឹងការស្រាវជ្រាវខាងលើ ក្រសួងការបរទេសវៀតណាមនៅមិនទាន់ចេញមុខបកស្រាយបំភ្លឺនៅឡើយទេ ខណៈភាគីខាងចិនកន្លងមក តែងតែប្រកាសក្ដែងៗថា ពួកគេជាម្ចាស់នៃតំបន់សមុទ្រចិនខាងត្បូងទាំងមូល។
សូមជម្រាបបន្ថែមថា សមុទ្រចិនខាងត្បូង គឺជាដែនទឹកមានជម្លោះធំបំផុតមួយនាពេលបច្ចុប្បន្ន ពោលចិន ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម សុទ្ធតែដណ្ដើមគ្នា ចង់កាន់កាប់តំបន់មួយនេះ ដ្បិតក្នុងមួយឆ្នាំៗ ការធ្វើពាណិជ្ជកម្មតាមផ្លូវទឹកនៅតំបន់នេះ អាចរកចំណូលបានច្រើនជាង ៣ទ្រីលានដុល្លារឯណោះ៕