យោងតាមរបាយការណ៍ពីគេហទំព័រ Statista បានបង្ហាញឲ្យដឹងថា ទ្វីបអាស៊ីលែងជាជម្រករបស់ក្រុមមហាសេដ្ឋីរស់នៅច្រើនបំផុតលើលោកទៀតហើយ ដោយបានធ្លាក់មកនៅលេខរៀងទី៣ ខណៈអាមេរិកខាងជើងនៅលំដាប់កំពូល និងអឺរ៉ុបឈរនៅបន្ទាប់។
ប្រភពដដែលបន្ថែមថា គិតនៅត្រឹមឆ្នាំ២០២២ ទ្វីបអាមេរិកខាងជើងមានចំនួនមហាសេដ្ឋីរស់នៅច្រើនបំផុតលើលោក ប្រមាណ ១ ០១១នាក់ ខណៈនៅអឺរ៉ុបមានមហាសេដ្ឋី ៩៣៣នាក់ និងនៅអាស៊ីមានប្រមាណ ៨៣៥នាក់។
មូលហេតុដែលធ្វើឲ្យអាស៊ីរបូតតំណែងជាជម្រករបស់ក្រុមមហាសេដ្ឋីរស់នៅច្រើនបំផុតលើលោក គឺដោយសារចិនរបូតអស់មហាសេដ្ឋីច្រើនសន្ធឹក ព្រោះតែវិបត្តិដែលមហាអំណាចអាស៊ីកំពុងជួបប្រទះ ដូចជាវិបត្តិអចលនទ្រព្យជាដើម។
សូមជម្រាបដែរថា បច្ចុប្បន្ន មេធំក្រុមហ៊ុន Tesla គឺជាមហាសេដ្ឋីមានបំផុតនៅអាមេរិក និងនៅលើពិភពលោក ជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ២៤១ពាន់លានដុល្លារ ខណៈអ្នកមានដាច់គេនៅអឺរ៉ុបគឺ មហាសេដ្ឋី Bernard Arnault មានទ្រព្យសម្បត្តិ ១៩២ពាន់លានដុល្លារ ស្របពេលមហាសេដ្ឋីមានប្រចាំទ្វីបអាស៊ីគឺ លោក Mukesh Ambani មានទ្រព្យសម្បត្តិប្រហែល ៩១,៤ពាន់លានដុល្លារ៕