អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា គិតត្រឹមរយៈពេល១០ខែ ឆ្នាំ២០២៣ មានយានយន្តចំនួន ១៥ ៥១៥ គ្រឿងបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៣។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលផ្សាយចេញកាលពីពេលថ្មីៗនេះ បានបង្ហាញឱ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ មានយានយន្តចំនួន ១៥ ៥១៥ គ្រឿងបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៣ តាមកម្មវិធី GDT Taxpayer App ដែលចំនួននេះមានការកើនឡើងលើសឆ្នាំ២០២២ ដល់ទៅ ៧៥%។
អគ្គនាយកដ្ឋានពន្ធដារបន្តថា៖« ការកើនឡើងនៃចំនួនអ្នកបង់ពន្ធ តាមកម្មវិធី GDT Taxpayer App នេះ បានបញ្ជាក់ឱ្យឃើញពីប្រសិទ្ធភាពនៃការផ្តល់សេវាតាមប្រព័ន្ធអេឡិចត្រូនិករបស់អគ្គនាយកដ្ឋាន ពន្ធដារ និងភាពងាយស្រួលក្នុងការប្រើប្រាស់កម្មវិធី ដែលអាចកាត់បន្ថយការរអ៊ូរទាំលើការចំណាយពេលវេលារង់ចាំយូរ ធ្វើដំណើរឆ្ងាយជាដើម ក្នុងការបង់ពន្ធ»។
បើតាមអគ្គនាយកដ្ឋានពន្ធដារ ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២៣នេះ គឺចាប់ផ្តើមប្រមូលនៅថ្ងៃទី១ ខែមិថុនា កន្លងទៅ នឹងផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។
សូមបញ្ជាក់ដែរថា ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល ១០ខែ ឆ្នាំ២០២៣ លោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានផ្សព្វផ្សាយណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងការពង្រឹងការអនុវត្តប្រកបដោយការយកចិត្តទុកដាក់រិះរក ដំណោះស្រាយថ្មីៗពាក់ព័ន្ធនឹងពន្ធដារ និងបន្តពង្រឹងការអនុវត្តការងារប្រកប ដោយការយកចិត្តទុកដាក់តាមអនុសាសន៍ណែនាំ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញកន្លងមក ក្នុងការពង្រឹងគុណភាពនៃការផ្ដល់សេវា និងប្រសិទ្ធភាពការងារ៕ អត្ថបទ៖រង្សី