ចិនចាយលុយជាង ១៣ពាន់លានដុល្លារ វិនិយោគច្រើនជាង ៩០០គម្រោងនៅប្រទេសឡាវ

អន្តរជាតិ

យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានប្រទេសឡាវបានចុះផ្សាយថា ប្រទេសចិនបានវិនិយោគជាង ៩០០ គម្រោង ក្នុងតម្លៃទុនសរុបប្រមាណ ១៣ ពាន់លានដុល្លារ នៅក្នុងប្រទេសឡាវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាថ្ងៃទី១៤ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Khamjen Vongphosi បាននិយាយនៅក្នុងកិច្ចប្រជុំផ្លាស់ប្តូរលើកទី៧ រវាងរដ្ឋាភិបាលឡាវ និងពាណិជ្ជករចិនថា៖ នាពេលបច្ចុបន្ននេះ ប្រទេសចិនបានវិនិយោគលើគ្រប់វិស័យ ដោយមានគម្រោងជាង ៩០០ ក្រោមទុនសរុបប្រមាណ ១៣ ពាន់លានដុល្លារ និងបានក្លាយខ្លួនជាប្រទេសដែលមានការវិនិយោគច្រើនជាងគេបំផុត នៅក្នុងប្រទេសឡាវ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងឆ្នាំ ២០២២ ឡាវទទួលបានគម្រោងវិនិយោគពីចិន លើការគ្រប់គ្រងសកម្មភាព នៅក្នុងក្រុមហ៊ុនចំនួន ៣០ គិតជាទឹកប្រាក់ប្រមាណ ៣៣៩ លានដុល្លារ រាប់បញ្ចូលទាំងការបណ្ដាក់ទុនលើវិស័យជីករ៉ែ វិស័យផ្ដល់ប្រឹក្សា និងវិស័យសុខភាពសាធារណៈជាដើម។

សូមជម្រាបថា កិច្ចប្រជុំនេះធ្វើឡើងក្រោមគោលបំណង ដើម្បីរាយការណ៍ពីភាពងាយស្រួល ឬការលំបាក ក៏ដូចជាសំណើផ្សេងៗរបស់សហគ្រាសចិន ដែលកំពុងធ្វើអាជីវកម្មក្នុងប្រទេស។ ម្យ៉ាងវិញទៀត វាក៏ជាឱកាសដ៏ល្អមួយ សម្រាប់ភាគីទាំងសងខាងក្នុងការជួបពិភាក្សា ព្រមទាំងផ្លាស់ប្តូរយោបល់ដោយផ្ទាល់ និងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីជំរុញឲ្យបរិយាកាសធុរកិច្ចកាន់តែប្រសើរឡើង៕